(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានប្តេជ្ញាដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក្រោយទីក្រុងម៉ូស្គូបានប្រកាសទទួលស្គាល់ តំបន់ភាគខាងកើតអ៊ុយក្រែនចំនួន ២ ជារដ្ឋឯករាជ្យ ដោយអង់គ្លេសបានអះអាងថា រុស្ស៊ីនឹងធ្វើការឈ្លានពានអ៊ុយក្រែននៅក្នុងពេលឆាប់ៗ ហើយទង្វើបែបនេះ គឺជាការបំពានច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដើម្បីពិភាក្សាគ្នាក្នុងស្ថានការណ៍បន្ទាប់នេះ ក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសទទួលស្គាល់តំបន់ផ្តាច់ខ្លួន ដូណេតក៍ (Donetsk) និង លូហានក៍ (Luhansk) ជារដ្ឋឯករាជ្យ។

យោងតាមការិយាល័យរបស់លោក Johnson បានគូសបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រី បានប្រាប់លោកប្រធានាធិបតី Volodymyr Zelenskiy អំពីក្តីជឿជាក់របស់លោកថា ការឈ្លានពានមួយនឹងកើតឡើង នៅរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខនេះប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រាប់លោកប្រធានាធីបតីអ៊ុយក្រែនថា ទណ្ឌកម្មត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីដាក់ចំពោះអ្នកទាំងឡាយណា ដែលបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានសន្យាផ្តល់ជំនួយបន្ថែមទៀត តបតាមការស្នើពីរដ្ឋាភិបាលអ៊ុយក្រែនផងដែរ»

គួរបញ្ជាក់ថា នៅក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកនាយករដ្ឋមន្ត្រីអង់គ្លេស និងមេដឹកនាំអ៊ុយក្រែនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់កាន់កាប់ ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាព ខណៈសហរដ្ឋអាមេរិកវិញកំពុងវាយតម្លៃថា តើបទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា៕