(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាព ខណៈសហរដ្ឋអាមេរិកកំពុងវាយតម្លៃថាតើ បទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមគាំទ្រម៉ូស្គូ ដោយអះអាងថាវា ជាបេសកកម្មរក្សាសន្តិភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ផ្តាច់ ខ្លួនទាំងពីរ របស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។

យ៉ាងណាក៏ដោយ, មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើបទបញ្ជារបស់លោក ពូទីន ឱ្យកងទ័ពរុស្ស៊ីដឹកនាំការ ធ្វើបេសកកម្មរក្សាសន្តិភាពនេះ គឺជាសកម្មភាពឈ្លានពានដូចដែលបណ្ដាមេដឹកនាំលោកខាងលិចបានព្រមាន អស់ជាច្រើនសប្ដាហ៍មកនេះ ឬក៏យ៉ាងណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យើងកំពុងវាយតម្លៃលើអ្វីដែលរុស្ស៊ីបាន និងកំពុងធ្វើ ដ្បិតសកម្មភាពរបស់ កងទ័ពរុស្ស៊ីក្នុងតំបន់ Donbass មិនមែនជារឿងថ្មីថ្មោងនោះទេ។ ដូច្នេះយើងនឹងបន្តតាមដាន រហូតដល់រថក្រោះធ្វើសកម្មភាព»។

គួរបញ្ជាក់ថា រុស្ស៊ីបានអះអាងជាច្រើនសប្ដាហ៍មកហើយថាខ្លួនមិនមានផែនការវាយប្រហារលើអ៊ុយក្រែននោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចបានព្រមានថារុស្ស៊ីនៅតែត្រៀមលក្ខណៈឈ្លានពានអ៊ុយក្រែន។ ដោយឡែក បើតាមសេតវិមាន លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកទាំងអស់ ក្នុងការធ្វើវិនិយោគ, ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ
ទៅ និងមក នៅក្នុងតំបន់កាន់កាប់របស់ក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ឬហៅកាត់ថា DNR and LNR៕