(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន បានចុះហត្ថលេខា នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងទីក្រុងម៉ូស្គូ) ដើម្បីបង្ហាញការទទួលស្គាល់ តំបន់ផ្តាច់ខ្លួនចំនួន ២ នៅអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ចំពោះមុខការព្រមានពីលោកខាងលិចថា ជំហានបែបនេះនឹងសម្លាប់ កិច្ចចរចាសន្តិភាព និងជាទង្វើបំពានច្បាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើឯកសារទទួលស្គាល់ តំបន់ផ្តាច់ខ្លួនទាំងពីររបស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ» បន្ទាប់ពីការថ្លែងសុន្ទរកថាដ៏ភ្ញាក់ផ្អើលជិត ១ម៉ោង តាមរយៈកញ្ចក់ទូរទស្សន៍ ដោយក្នុងនោះបុរសខ្លាំងរុស្ស៊ីរូបនេះ បានប្រើប្រាស់ពាក្យសម្តីវាយប្រហារចំៗ ទៅលើរដ្ឋាភិបាលអ៊ុយក្រែនថា «ត្រឹមតែជាប្រទេសស្ថិតក្រោមអាណានិគមរបស់ សហរដ្ឋអាមេរិក និងជារបបអាយ៉ងមួយប៉ុណ្ណោះ»

លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឯកសាររបស់ NATO, ប្រទេសរបស់យើង គឺត្រូវបានចាត់ទុកដោយផ្ទាល់ និងជាផ្លូវការថា ជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខ នៅតំបន់អាត្លង់ទិកខាងជើង, ហើយអ៊ុយក្រែន នឹងត្រូវលើកបន្តុបឲ្យធ្វើអ្នកដែលបន្តដំណើរទៅមុខ ដើម្បីប្រឆាំងរុស្ស៊ី»

ចំពោះមុខការព្រមានដាក់ទណ្ឌកម្ម ពីសំណាក់លោកខាងលិចនោះ, លោក ពូទីន បានឆ្លើយតបវិញថា «ពួកគេបានព្យាយាមរករឿងយើងម្តងទៀត។ ពួកគេកំពុងគំរាមកំហែងដាក់ទណ្ឌកម្មម្តងទៀត ដែលតាមវិធីនេះ ពួកគេនឹងដាក់ចេញ ខណៈដែលអធិបតេយ្យភាពរបស់រុស្ស៊ីត្រូវពង្រឹង ហើយអំណាចនៃកងទ័ពរបស់យើងកើនឡើង។ ដោយឡែកសម្រាប់ លេស ក្នុងការបើកការវាយប្រហារអ្វីនោះ គឺគង់តែនឹងត្រូវរកឃើញ ឬប្រឌិតឡើងប៉ុណ្ណោះ»

លោក ពូទីន បានសង្កត់ធ្ងន់ជាចុងក្រោយថា «រុស្ស៊ីមានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការឆ្លើយតប ដើម្បីធានាសន្តិសុខខ្លួនឯង។ នោះគឺជាអ្វីដែលនឹងត្រូវធ្វើយ៉ាងពិតប្រាកដ»

គួរបញ្ជាក់ថា ការប្រកាសទទួលស្គាល់តំបន់ដែលក្រុមឧទ្ទាមកាន់កាប់ នៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ នោះមានន័យថា រុស្ស៊ីនឹងមិនទទួលស្គាល់តំបន់ទាំងនោះ ជាទឹកដីអ៊ុយក្រែនទៀតឡើយ។ បណ្តាប្រទេសលោកខាងលិចបានព្រមានថា វាជាការត្រួសត្រាយផ្លូវឲ្យរុស្ស៊ី អាចបញ្ជូនកងទ័ពដោយបើកចំហចូលទៅកាន់តំបន់ទាំងនោះ ហើយប្រើប្រាស់លេសថា ជាការចូលមកការពារតំបន់ទាំងនោះ ពីការវាយប្រហារដោយកងទ័ពអ៊ុយក្រែន៕