(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ វេបសាយកាសែត Capitol Hill daily របស់សហរដ្ឋអាមេរិកបានចេញផ្សាយ អត្ថបទមួយក្រោមចំណងជើងថា «ការធ្វើពហិការចំពោះនិន្នាការប្រឆាំងប្រទេសចិន»។ អត្ថបទបានលើកឡើងថា សភារាស្ត្រអាមេរិកបានបោះឆ្នោតអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២២ ដោយសំឡេងគាំទ្រ ២២២សំឡេង និង ២១០សំឡេងប្រឆាំង កាលពីដើមខែកុម្ភៈកន្លងទៅនេះ ដើម្បីគ្រោងបោះទុនប្រហែល ៣៥០,០០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិតថ្មីនៃវត្ថុពាក់កណ្ដាលចម្លង និងខ្សែសង្វាក់ផ្គត់ផ្គង់។ ចំពោះកិច្ចខិតខំប្រឹងប្រែងបែបនេះ ដែលវិនិយោគទៅលើការអប់រំ ការច្នៃប្រឌិតថ្មីនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីនាំឱ្យសហរដ្ឋអាមេរិក អាចរក្សាកម្លាំងប្រកួតប្រជែង នៅទូទាំងពិភពលោក ជនជាតិអាមេរិកបានសម្តែងការស្វាគមន៍។ ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះ ដែលមានទំព័រជិត ៣ពាន់សន្លឹក នៅមានគម្រោងពិភាក្សាជាច្រើន ដែលពាក់ព័ន្ធនឹងអ្វីដែលហៅថា «បញ្ហាប្រទេសចិន»។ អ្វីដែលគួរឱ្យឆ្ងល់គឺ តើការបង្ខំដាក់គម្រោងពិភាក្សា អំពីគោលនយោបាយពាក់ព័ន្ធនឹងចិន ចូលក្នុងសេចក្តីព្រាងច្បាប់នេះ នឹងជួយលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់អាមេរិក នៅទូទាំងពិភពលោកយ៉ាងដូចម្ដេច?

សេចក្តីព្រាងច្បាប់នេះមិនត្រឹមតែចង់ ធ្វើការប្រកួតប្រជែងជាមួយប្រទេសចិន ក្នុងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ថែមទាំងក៏ស្នើឱ្យធ្វើការបដិបក្ខគ្នាជាមួយប្រទេសចិន ក្នុងវិស័យភូមិសាស្ត្រនយោបាយ សន្តិសុខ និងមនោគមវិជ្ជាផងដែរ។ ខាងវ៉ាស៊ីនតោននៅមិនទាន់តាក់តែងគោលនយោបាយ ដែលអាចអនុវត្តបានយ៉ាងប្រាកដប្រជា សម្រាប់ទប់ទល់នឹងប្រទេសចិន ដែលកាន់តែខ្លាំងក្លាឡើង និងមានជំនឿចិត្តលើខ្លួនឯងនោះទេ ដូច្នេះ តើការធ្លាក់ចុះជាសន្សឹមៗរវាងទំនាក់ទំនងទ្វេភាគី គឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកទេ?

ក្នុងបរិយាកាសនយោបាយ ដែលគ្មានផលប្រយោជន៍នាពេលបច្ចុប្បន្ននេះ ការធ្វើពហិការចំពោះនិន្នាការប្រឆាំងប្រទេសចិន ព្រមទាំងចាត់វិធានការយ៉ាងសកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក វាត្រូវការភាពក្លាហាននិងតម្រិះប្រាជ្ញា។

ពេលសេចក្តីព្រាងច្បាប់ស្តីពីការច្នៃប្រឌិតថ្មី និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកឆ្នាំ២០២១ ចូលក្នុងរបៀបវារៈពិភាក្សានៃសភាទាំងពីរ អង្គការក្រៅផ្លូវការជាង ៣០ នៅទូទាំងសហរដ្ឋអាមេរិក ធ្លាប់ផ្ញើសារលិខិតសាធារណៈមួយ ទៅកាន់មេដឹកនាំនៃរដ្ឋសភា ដើម្បីអំពាវនាវពួកគេតាក់តែងសេចក្តីព្រាងច្បាប់ ដែលអាចគ្រប់គ្រងភាពតានតឹងរវាងចិន និងអាមេរិកដោយទទួលខុសត្រូវ។ អង្គការសន្តិភាព បរិស្ថាន និងនារី និងធនាគារគំនិតនៅស្រទាប់មូលដ្ឋានទាំងនេះ ដាស់តឿនឱ្យសមាជិករដ្ឋសភាបោះបង់ចោល គំនិតផលបូកសូន្យ ដើម្បីតាក់តែងគោលនយោបាយចំពោះប្រទេសចិន ដែលកាន់តែវិជ្ជមាននិងមានភាពសហការគ្នា។

ជនជាតិអាមេរិក និងជនជាតិចិនមានផលប្រយោជន៍រួមជាច្រើន ហើយរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ប្រទេសទាំងពីរគួរតែរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយដោយសន្តិវិធី នូវទំនាក់ទំនងដ៏ស្មុគស្មាញ។ អ្វីដែលកាន់តែសំខាន់ជាងនេះគឺ អ្នកនយោបាយអាមេរិក ចាំបាច់ត្រូវបញ្ឈប់ចាត់ទុកប្រទេសចិនជា «អ្នកទទួលទោស» ជំនួសអាមេរិក ដែលមិនអាចដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបញ្ឈប់ញុះញង់ឱ្យមានពូជសាសន៍និយម ក្នុងការស្អប់ខ្ពើមជនជាតិអាមេរិកដើមកំណើតអាស៊ីក្នុងសង្គម ដែលមានភាពបែកបាក់គ្នារួចជាស្រេចហើយនោះ៕ (#CCFR Comment#)