(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍នេះ បានបញ្ជា និងដឹកនាំដោយផ្ទាល់ការធ្វើសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អមជាមួយ ការបាញ់សាកល្បងមីស៊ីល ខណៈសហរដ្ឋអាមេរិក ព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ។

២៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុងប៉េត្រូប៉ូលីស (Petropolis) នៃរដ្ឋរីយ៉ូ ឌឺ ហ្សាណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល បានកើនដល់ ១៣៦នាក់ហើយ ខណៈមនុស្ស ២១៣នាក់ បន្តបាត់ខ្លួននៅឡើយ។

៣៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះពីគម្រោងលក់រថក្រោះ Abrams ចំនួន ២៥០គ្រឿងឱ្យប្រទេសប៉ូឡូញ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជួយពង្រឹងសមត្ថភាពការពារជាតិនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។

៤៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់ បានឱ្យដឹងថាកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ អាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ប៉ុន្តែភាពជោគជ័យ គឺវាអាស្រ័យលើឆន្ទៈនយោបាយនៃប្រទេសដែលពាក់ព័ន្ធ។

៥៖ រុស្ស៊ី នៅថ្ងៃសៅរ៍នេះបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងម៉ូស្គូ ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ ព័ត៌មានវិទ្យាលើធនាគារអ៊ុយក្រែន និងគេហទំព័រជាច្រើនរបស់រដ្ឋាភិបាល ដោយចាត់ទុកថាជារឿងមិនពិត។

៦៖ មេដឹកនាំនៃក្រុមឧទ្ទាមភាគខាងកើតអ៊ុយក្រែន នៅតំបន់ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) បានចេញបញ្ជាឲ្យធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ពួកគេគ្រប់ជ្រុងជ្រោយ ខណៈមេដឹកនាំទីក្រុងកៀវវិញ កំពុងស្ថិតនៅទីក្រុង មូនិច (Munich) ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខ ជាមួយបណ្តាប្រទេសលោកខាងលិច និងស្នើសុំការជួយគាំទ្រ៕