(ប៉េកាំង)៖ សន្និសីទសារព័ត៌មាននៃប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ។ លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ទទួលបានជោគជ័យស្រេចទៅហើយ។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន។ បច្ចុប្បន្ន ចំនួនមនុស្សដែលចាប់អារម្មណ៍ នឹងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មានដល់ទៅ ២,៧០០លាននាក់ លោកសម្គាល់ថានេះពិតជារឿងអស្ចារ្យណាស់។ ភាពកក់ក្តៅចំពោះកីឡាអូឡាំពិករដូវរងា ក៏បានបង្ហាញតាមរយៈការដែលប្រទេសចិន មានប្រជាជនចំនួន ៣០០លាននាក់ បានចូលរួមលេងកីឡាព្រិលទឹកកក។

លោក Bach បានបន្តថា លោកពេញចិត្តខ្លាំងនឹងការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ឯអត្តពលិកអន្តជាតិក៏ពេញចិត្តខ្លាំង នឹងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែរ។ ការគ្រប់គ្រងបែបបិទជិតទទួលបានភាពជោគជ័យ អត្រាវិជ្ជមានវីរុសកូវីដ១៩ មិនដល់ 0.01%។ អាចនិយាយបានថា កន្លែងប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង ជាទីកន្លែងមានសុវត្ថិភាពបំផុតលើលោក យើងទាំងអស់នៅទីនេះស្នាក់នៅទីកន្លែងបិទជិត សុទ្ធតែមានអារម្មណ៍សុវត្ថិភាពណាស់ ហើយប្រកបដោយផាសុកភាព។

ដោយឡែក ការដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រើបច្ចេកវិទ្យាទំនើបផ្នែកផ្សាយបន្តផ្ទាល់ និងបច្ចេកទេសទូរគមនាគមន៍ជាច្រើន ដើម្បីផ្សព្វផ្សាយការប្រកួតកីឡាអូឡាំពិក បានធ្វើឱ្យលោក Bach ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង។ លោកបានថ្លែងថា ជឿជាក់ថាបច្ចេកវិទ្យាទាំងនេះ នឹងអាចប្រើប្រាស់កាន់តែទូលំទូលាយ ក្នុងការប្រកួតកីឡានាពេលអនាគត ជឿជាក់ថាបច្ចេកវិទ្យារបស់ចិន នឹងរួមចំណែកកាន់តែធំ ដល់កីឡាអូឡាំពិកនាពេលអនាគត៕