(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកទទួលខុសត្រូវនៃគណៈកម្មាធិការអូឡាំពិក និងឥស្សរជនមជ្ឈដ្ឋានកីឡានៃប្រទេសនិងតំបន់ជាច្រើនបានថ្លែងថា ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អត្តពលិកបានប្រកួតគ្នានៅលើទីលានប្រកួតតែងបានឱប និងគោរពគ្នានៅពេលបញ្ចប់ការប្រកួត ពិតជាទិដ្ឋភាពល្អប្រសើរណាស់។ អត្តពលិកមកពីប្រទេស និងតំបន់ជាច្រើន បានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយអ្នកស្ម័គ្រចិត្ត។ ប្រជាជនទូទាំងពិភពលោកបានអបអរសាទរ ចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អបអរសាទរចំពោះក្រុងប៉េកាំង និងរួមគ្នារឆ្ពោះទៅអនាគត។

ប្រធានសហព័ន្ធកីឡាជិះស្គីព្រិលអន្តរជាតិបានថ្លែងថា ទិដ្ឋភាពដែល «កាន់តែរួមសាមគ្គីគ្នា» នៅក្នុងការប្រកួតអូឡាំពិករដូវរងាក្រុងប៉េកាំង បានឆ្លុះបញ្ចាំងថា អត្តពលិក ឥស្សរជនមជ្ឈដ្ឋានកីឡា និងអ្នកចូលចិត្តវិស័យកីឡា ដែលមកពីទូទាំងពិភពលោក «រួមសាមគ្គីគ្នាដោយសារការស្រឡាញ់ចូលចិត្ត ចំពោះកីឡារដូវរងា»។

ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំនេះ ប្រទេសនិងតំបន់ជាច្រើន ដែលស្ថិតនៅក្នុងតំបន់ត្រូពិច ក៏បានបញ្ជូនអត្តពលិកទៅចូលរួម ការប្រកួតដោយបង្ហាញពីស្មារតីកីឡាទៅកាន់ពិភពលោក និងបន្ថែមអត្ថន័យដល់ព្រឹត្តិការណ៍កីឡាព្រិលទឹកកកលើកនេះ។ តំបន់អាស៊ីអាគ្នេយ៍មិនមានព្រិលទេ ប៉ុន្តែវាមិនអាចរារាំងអត្តពលិកអាស៊ីអាគ្នេយ៍ មិនឱ្យស្រឡាញ់ចូលចិត្តចំពោះកីឡាព្រិលទឹកកកបានទេ។ នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ អត្តពលិកចំនួន ៨ រូប ដែលមកពីប្រទេសហ្វីលីពីន ថៃ ម៉ាឡេស៊ី និងទីម័រខាងកើតបានទៅចូលរួមការប្រកួត។

ក្នុងនាមជាកីឡាអូឡាំពិករដូវរងាដំបូងបង្អស់ ដែលបានប្រារព្ធឡើងបន្ទាប់ពីការដាក់បញ្ចូល បានចូលរួមជាមួយពាក្យស្លោកអូឡាំពិក «កាន់តែរួមសមាគ្គីគ្នា» ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ត្រូវបានប្រារព្ធឡើងដោយជោគជ័យ តាមការគ្រោងទុក និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ ដែលមានអត្តពលិកសរុបជិត ៣,០០០នាក់មកពីប្រទេសនិងតំបន់ចំនួន ៩១ បានចូលរួម គឺជាការប្រកួតកីឡាអូឡាំពិករដូវរងា ដែលមានចំនួនមេដាយមាសច្រើនបំផុត។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងក្តីសង្ឃឹម ដែលបានបង្កើនជំនឿចិត្តរបស់ប្រទេស និងតំបន់ក្នុងការយកឈ្នះលើការលំបាក បង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជន នៃគ្រប់ប្រទេសនិងតំបន់ ព្រមទាំងពង្រឹងភាពរឹងមាំនៃសាមគ្គីភាព៕