(ប៉េកាំង)៖ ពិធីបើកសម្ពោធផ្លូវការនៃការប្រកួត កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានប្រាព្ធធ្វើឡើងដោយជោគជ័យ ហើយរហូតមកដល់ពេលនេះ ការប្រកួតប្រជែងលើវិញ្ញាសាកីឡានានា កំពុងប្រព្រឹត្តទៅដោយរលូន។ ទាំងនេះគឺជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថា ការធ្វើពហិកានយោបាយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនទទួលបានជោគជ័យ តាមបំណងប្រាថ្នារបស់ខ្លួននោះឡើយ។

មេដឹកនាំនៃប្រទេសជាច្រើនមកពីជុំវិញពិភពលោក បានចូលរួមពិធីបើកសម្ពោធផ្លូវការនេះ ហើយពួកគេបានសម្ដែងសេចក្ដីអបអរ និងកោតសរសើរចំពោះ ការរៀបចំពិធីបើកសម្ពោធ ដ៏ល្អវិសេសវិសាលនេះ។ នៅក្រោយពេលពិធីបើកសម្ពោធ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានរៀបចំពិធីលៀងសាយភោជន៍មួយ ដើម្បីស្វាគមន៍ និងសម្ដែងអំណរគុណចំពោះមេដឹកនាំ នៃប្រទេសនានាដែលបានគាំទ្រ និងអញ្ចើញចូលរួមពិធីបើកសម្ពោធផ្លូវការ នៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នេះ។

ការជួបពិភាក្សារវាងមេដឹកនាំចិន ជាមួយមេដឹកនាំនៃប្រទេសនានា ក្នុងឱកាសនៃការប្រកួតកីឡាអូឡាពិករដូវរងានេះ សបង្ហាញថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាតែប៉ុណ្ណោះទេ តែថែមទាំងជាវេទិកាដ៏សំខាន់មួយ សម្រាប់ពង្រឹងលើកកម្ពស់យន្តការពហុភាគីនិយមផងដែរ ហើយការជួបជុំនេះក៏ជាការបញ្ជូនសារទៅកាន់ពិភពលោកថា ប្រទេសចិនមានមិត្តភក្ដិជាច្រើន មានទឹកចិត្តបើកចំហ មានឆន្ទៈអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសនានានៅជុំវិញពិភពលោក ដោយស្មើភាព ដោយពុំមានការរើសអើង ក្នុងគោលបំណងពង្រឹងសន្តិភាពពិភពលោក ដោយកាត់បន្ថយនិងលុបបំបាត់ ការប្រឈមមុខដាក់គ្នា និងអរិភាពទាំងឡាយ ដើម្បីកសាងអនាគតមួយ ដែលកាន់តែប្រសើរសម្រាប់មនុស្សជាតិ។

នៅពេលថ្លែងនៅក្នុងពិធីលៀងសាយភោជន៍នោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ជាក់នូវជំហរដ៏មុតមាំរបស់ប្រទេសចិន ក្នុងការពង្រឹងលើកកម្ពស់ស្មារតីរួមរបស់ចលនាអូឡាំពិក ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ នៅលើឆាកអន្តរជាតិ ដើម្បីពង្រឹងសន្តិភាពរបស់ពិភពលោក។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតី ស៊ី ជិនពីង បានអំពាវនាវឲ្យប្រទេសទាំងអស់ ប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងអនុវត្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយគ្នាទៅវិញទៅមក ដើម្បីកសាងសន្តិភាពស្ថិតស្ថេរសម្រាប់ពិភពលោក។ មេដឹកនាំចិនរូបនេះ ក៏បាននិយាយសង្កត់ធ្ងន់ថា យន្តការពហុភាគីនិយមពិតប្រាកដមួយ ពិតជាមានសារៈសំខាន់ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការស្អិតរមួត ក្នុងចំណោមប្រទេសទាំងអស់ ដើម្បីកសាងគ្រួសារអន្តរជាតិមួយប្រកបដោយសុខដុម។

ខណៈពេលដែលប្រទេសចិនកំពុងខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពនៅក្នុងចំណោមប្រទេសនានា ដើម្បីពង្រឹងសន្តិភាពពិភពលោក ក្រុមប្រទេសដែលមានសមាជិកចំនួនបួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវគេហៅថា QUAD បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសអូស្រ្តាលី ដោយគោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺស្វែងរកវិធីសាស្រ្តដើម្បីរាំងខ្ទប់ និងហ៊ុមព័ទ្ធប្រទេសចិន ហើយលេសដែលពួកគេប្រើប្រាស់ ដើម្បីការពារទង្វើបង្កហេតុរបស់ពួកគេ និងដើម្បីទាក់ទាញប្រទេសនានា ឲ្យចូលរួមជាមួយពួកគេ គឺចោទប្រកាន់ថា ប្រទេសចិនមានឥរិយាបថកោងកាច និងជាគ្រោះគម្រាមកំហែងសម្រាប់ប្រទេសនានា នៅក្នុងតំបន់។ បន្ថែមទៅលើ ក្រុមចតុភាគី QUARD សហរដ្ឋអាមេរិកក៏បានផ្ដួចផ្ដើមបង្កើតក្រុមសម្ព័ន្ធមិត្ត ដែលមានប្រទេសបីចូលរួម ដែលត្រូវគេហៅថា AUKUS ក្នុងគោលបំណងហ៊ុមព័ទ្ធប្រទេសចិនផងដែរ។ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាសបដិសេធ ការចោទប្រកាន់ដែលមិនសមហេតុផលបែបនេះ និងបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ខ្លួន ក្នុងការរស់នៅដោយសុខដុម និងដោយសន្តិភាព ជាមួយប្រទេសទាំងអស់ ទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក។ និយាយម្យ៉ាងទៀត ប្រទេសចិន មិនមានគោលនយោបាយចាត់ទុកប្រទេសណាមួយជាសត្រូវនោះឡើយ។ ក៏ប៉ុន្តែ ម្ដងហើយម្ដងទៀត សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន តែងតែធ្វើការចោទប្រកាន់ដោយបំភ្លៃបែបនោះ ដើម្បីបំភ័យបន្លាចនិងដុតបញ្ឆេះភ្លើងកំហឹង និងសម្អប់របស់ប្រទេសនានា នៅក្នុងតំបន់ចំពោះប្រទេសចិន ក្នុងគោលបំណងកៀរគរប្រទេសទាំងនោះ ឲ្យចូលរួមជាមួយពួកគេធ្វើការប្រឆាំង និងហ៊ុមព័ទ្ធប្រទេសចិន ដើម្បីសម្រេចមហិច្ឆតាវាតទីពង្រីកឥទ្ធិពលរបស់ខ្លួន។

វិធីសាស្រ្តនេះ ក៏កំពុងត្រូវប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការណាតូ ប្រឆាំងនឹងរុស្ស៊ីផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិក បានព្យាយាមទូងស្គរសង្គ្រាមនៅអ៊ុយក្រែន និងបំភ័យបន្លាច និងដុតបញ្ឆេះកំហឹងនិងសម្អប់របស់ប្រទេសនានានៅទ្វីបអឺរ៉ុប ដោយធើ្វការចោទប្រកាន់ថា ប្រទេសរុស្ស៊ីនឹងធ្វើការវាយលុក កាន់កាប់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ ក៏ប៉ុន្តែប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់នោះ និងបានអះអាងថាព័ត៌មានបែបនោះ គឺជាព័ត៌មានប្រឌិតបំផ្លើស ដើម្បីវាយប្រហារប្រទេសរុស្ស៊ី និងដើម្បីអូសទាញប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុបឲ្យចូលមកនៅក្រោមឥទ្ធិពល របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ដើម្បីទាត់ចោលនូវការចោទប្រកាន់បែបនេះ នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានដកកងទ័ពរបស់ខ្លួន ដែលត្រូវបានប្រមូលផ្ដុំដើម្បីធ្វើសមយុទ្ធយោធា ចេញពីតំបន់ក្បែរព្រំដែនជាមួយប្រទេសអ៊ុយក្រែន ត្រឡប់ទៅកាន់មូលដ្ឋានដើមរបស់ខ្លួនវិញ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តធ្វើការចោទប្រកាន់ ដោយសម្ដែងនូវមន្ទិលសង្ស័យ អំពីការដកកងទ័ពរបស់ប្រទេសរុស្ស៊ី។

បើយើងពិនិត្យមើលជារួម សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រើប្រាស់វិធីសាស្រ្តបំភ័យបន្លាច និងដុតបញ្ឆេះភ្លើងកំហឹងនិងសម្អប់ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ដើម្បីបម្រើមហិច្ឆតាវាតទីពង្រីកឥទ្ធិពលរបស់ខ្លួន។ គោលការណ៍គោរពគ្នាទៅវិញទៅមកដោយស្មើភាព គោលការណ៍ធ្វើសហប្រតិបត្តិការដោយស្មើភាព ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងយន្តការពហុភាគីនិយម នៅក្នុងទំនាក់ទំនងអន្តរជាតិ មិនស្ថិតនៅក្នុងបេះដូងរបស់ពួកគេនោះឡើយ។ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ពួកគេមិនញញើតនឹងប្រើប្រាស់វិធីសាស្រ្តដុតបញ្ឆេះភ្លើងកំហឹងនិងសម្អប់ក្នុងគោលបំណងបំបែកបំបាក់ដើម្បីត្រួតត្រានោះឡើយ។ ទង្វើបែបនេះ គឺផ្ទុយស្រឡះទៅនឹងវោហាសាស្រ្តដ៏ពិរោះរបស់ពួកគេ ដែលជារឿយៗពួកគេអះអាងថា ពួកគេគឺជាអ្នកស្រឡាញ់សន្តិភាពនិងកិច្ចសហប្រតិបត្តិការ៕