(មូនិច)៖ ប្រទេសអាល្លឺម៉ង់បានដាក់ការចោទប្រកាន់ ទៅលើប្រទេសរុស្ស៊ីថា កំពុងធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខរបស់អឺរ៉ុប តាមរយៈការទាមទារទាំងឡាយ តាមបែបសង្គ្រាមត្រជាក់ ខណៈសន្និសីទផ្នែកសន្តិសុខ ដែលនឹងប្រារព្ធធ្វើឡើងទីក្រុង មូនិច (Munich) ប្រទេសអាល្លឺម៉ង់ អាចនឹងត្រូវគ្របដណ្តប់ដោយវិបត្តិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្តីព្រួយបារម្ភនានានៅតែកំពុងកើនឡើង អំពីការវាយប្រហារដោយរុស្ស៊ីទៅលើអ៊ុយក្រែន ដែលត្រូវជាអ្នកជិតខាងរបស់អាល្លឺម៉ង់មួយផងដែរ ខណៈសហរដ្ឋអាមេរិកវិញ នៅតែកំពុងបន្តបង្កើនការព្រមានជានិច្ច អំពីលទ្ធភាពដែលរុស្ស៊ី អាចបើកការវាយប្រហារលើអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។

នៅមុនការបើកសន្និសីទផ្នែកសន្តិសុខ ដែលនឹងមានរយៈពេល ៣ថ្ងៃខាងលើនេះ, រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អ៊ែនណាឡេណា ប៊ែរបក (Annalena Baerbock) បានថ្លែងថា ទីក្រុងម៉ូស្គូត្រូវតែបង្ហាញចេញនូវ «ជំហានសំខាន់ៗ ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង។ ជាមួយនឹងការដាក់ពង្រាយទ័ព ដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីរុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន និងការទាមទារទាំងឡាយបែបសង្គ្រាមត្រជាក់នោះ រុស្ស៊ីកំពុងតែតតាំងនឹងគោលការណ៍គ្រឹះ នៃការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពរបស់អឺរ៉ុបហើយ»

គួរបញ្ជាក់ថា មុនធ្វើដំណើរទៅចូលរួមសន្និសីទស្តីពីសន្តិសុខនៅទីក្រុង Munich, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានប្រាប់់អង្គការសហប្រជាជាតិ (UN) ថា រុស្ស៊ីអាចនឹងវាយលុកចូលអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ, ហើយពេលនេះ រុស្ស៊ីក៏កំពុងព្យាយាម «បង្កើតលេស» ដើម្បីឲ្យខ្លួនអាចវាយប្រហារអ៊ុយក្រែន ដោយសមហេតុផលផងដែរ។

យ៉ាងណាក៏ដោយ, អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ វើស៉ីនីន (Sergei Vershinin) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានធ្វើការឆ្លើយតបទៅវិញថា ការរៀបរាប់អំពីសេណារីយ៉ូយោធា នៅឯអង្គការសហប្រជាជាតិ ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក អាន់តូនី ប្លីងគែន គឺជារឿងគួរឱ្យសោកស្តាយ ព្រមទាំងជាសម្តីប្រកបដោយគ្រោះថ្នាក់។

ក្នុងកិច្ចប្រជុំនៅ UN លោកប្រមុខការទូតអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វាអាចជារឿងប្រឌិត អំពីការបំផ្ទុះគ្រាប់បែក នៅក្នុងទឹកដី របស់រុស្ស៉ី, អំពីការរកឃើញរណ្តៅកប់សាកសពទ្រង់ទ្រាយ, អំពីការវាយប្រហារដោយយន្តហោះដ្រូនទៅលើជនស៉ីវិល, ឬអំពីការប្រើប្រាស់ អាវុធគីមីជាដើម»។ ក្នុងកិច្ចប្រជុំដដែលនោះ លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានសង្កត់ធ្ងន់ទៀតថា ការបន្តអះអាងអំពីគម្រោងឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន គឺមិនមានមូលដ្ឋានគាំទ្រទាល់តែសោះ ខណៈកងទ័ពរុស្ស៉ីមួយចំនួន កំពុងត្រូវដកចេញពីតំបន់ព្រំដែនវិញ ក្រោយបញ្ចប់ការធ្វើសមយុទ្ធយោធា៕