(ម៉ូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ វើស៉ីនីន (Sergei Vershinin) កាលពីថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការរៀបរាប់អំពីសេណារីយ៉ូយោធា នៅឯអង្គការសហប្រជាជាតិ (UN) ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក គឺលោក អាន់តូនី ប្លីងគិន (Antony Blinken) គឺជារឿងគួរឱ្យសោកស្តាយ ព្រមទាំងជាសម្តីប្រកបដោយគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ UN ពាក់ព័ន្ធភាពតានតឹងនៅអ៊ុយក្រែន លោក Blinken បានរ៉ាយរ៉ាប់នូវសេណារីយ៉ូមួយចំនួន ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា រុស្ស៉ីនឹងព្យាយាមបង្កើតយកធ្វើជាលេស ដើម្បីប្រើកម្លាំងយោធាចូលឈ្លានពានអ៊ុយក្រែន ហើយលោកបានព្រមានថា ការឈ្លានពានដោយរុស្ស៉ីនោះ អាចនឹងកើតឡើងក្នុងពេលប៉ុន្មានថ្ងៃទៀត។

ក្នុងកិច្ចប្រជុំនៅ UN លោកប្រមុខការទូតអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វាអាចជារឿងប្រឌិត អំពីការបំផ្ទុះគ្រាប់បែក នៅក្នុងទឹកដី របស់រុស្ស៉ី, អំពីការរកឃើញរណ្តៅកប់សាកសពទ្រង់ទ្រាយ, អំពីការវាយប្រហារដោយយន្តហោះដ្រូនទៅលើជនស៉ីវិល, ឬអំពីការប្រើប្រាស់ អាវុធគីមីជាដើម»។

ក្នុងកិច្ចប្រជុំដដែល លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី ក៏បានរិះគន់សម្តីរបស់លោក Blinken ដោយចាត់ទុកវាថាជា សម្តីដ៏គ្រោះថ្នាក់ជាទីបំផុត ហើយលោកបានសង្កត់ធ្ងន់ថា ការបន្តអះអាងអំពីគម្រោងឈ្លានពានរបស់រុស្ស៉ីទៅលើអ៊ុយក្រែន គឺមិនមានមូលដ្ឋានគាំទ្រទាល់តែសោះ ខណៈកងទ័ពរុស្ស៉ីមួយចំនួន កំពុងត្រូវដកចេញពីតំបន់ព្រំដែនវិញ ក្រោយបញ្ចប់ការធ្វើសមយុទ្ធយោធា។

គួរបញ្ជាក់ថា ចាប់តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ អ៊ុយក្រែន រួមជាមួយសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចមួយចំនួន បានចោទរុស្ស៉ីអំពីការប្រមូលផ្តុំកម្លាំងទ័ពយ៉ាងច្រើន នៅក្បែរព្រំប្រទល់អ៊ុយក្រែន ក្រោមចេតនាអាចជាការត្រៀមឈ្លានពាន។ យ៉ាងណាក្តី ទីក្រុងម៉ូស្គូបានទាត់ចោលការចោទប្រកាន់នេះម្តងហើយម្តងទៀត ហើយលើកឡើងអំពីសិទ្ធិ ក្នុងការចល័តកងទ័ពនៅក្នុងព្រំដែនរបស់ខ្លួន ដើម្បីការពារទឹកដីរុស្ស៉ីខ្លួនឯង ស្របពេលសកម្មភាពរបស់បក្សសម្ពន្ធ NATO ត្រូវបានចាត់ទុកជា ការគំរាមកំហែងធំមួយ ចំពោះសន្តិសុខព្រំដែនរបស់ប្រទេសរុស្ស៉ី៕