(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋាភិបាលរុស្ស៊ីបានបណ្តេញមន្ត្រីទូតអាមេរិកឋានៈខ្ពស់បំផុតទីពីរ ចេញពីស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ ខណៈដែលលោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានថា ការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែមាន«ខ្ពស់បំបផុត»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CBS News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា លោក Bart Gorman ដែលជាអនុប្រធានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ត្រូវបានបណ្តេញចេញពីរដ្ឋធានីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ «សកម្មភាពរបស់រុស្ស៊ីប្រឆាំងនឹងលោក Gorman គឺមិនសមហេតុផល ហើយយើងបាន ចាត់ទុកវាជាជំហានបង្កើនភាពតានតឹង ហើយកំពុងពិចារណាលើការឆ្លើយតប ដែលអាចថានឹងបណ្តេញមន្ត្រីទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនជាការសងសឹក»

គួរបញ្ជាក់ថា ការបណ្តេញនេះ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអង្គការណាតូ(NATO)ព្រមានថា រុស្ស៊ីកំពុងរៀបផែនការសម្រាប់ការឈ្លានពាន និងបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែន បើទោះបីជាមានការធានាពីរុស្ស៊ីកាលពីដើមសប្តាហ៍ថា ខ្លួនកំពុងដកកងកម្លាំងចេញក៏ដោយ៕