(កង់បេរ៉ា)៖ ឆ្នេរសមុទ្រមួយចំនួននៅក្នុងទីក្រុងស៉ីដនី ដូចជាឆ្នេរល្បីៗ បូនឌី (Bondi) និង ប្រូនតេ (Bronte) ត្រូវបានបិទជាបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអ្នកហែលទឹកម្នាក់បានបាត់បង់ជិវិត ក្នុងការវាយប្រហារដោយត្រីឆ្លាម ខណៈវាគឺជាករណីដំបូងបំផុត ដែលបានកើតឡើង នៅទីក្រុងមួយនេះ ក្នុងរយៈពេលជិត៦០ឆ្នាំចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ឃ្លីបវីដេអូមួយដែលត្រូវបានចែកចាយលើប្រព័ន្ធអនឡាញ បានបង្ហាញឱ្យឃើញសកម្មភាពត្រីឆ្លាមមួយក្បាល វាយប្រហារលើមនុស្សម្នាក់ កាលពីវេលារសៀលថ្ងៃពុធសប្តាហ៍នេះ នៅក្បែរឆ្នេរ លីថល បេ (Little Bay) ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងស៉ីដនី និងនៅក្បែរច្រកចូលទៅកាន់ឆ្នេរ បូតានី (Botany) ហើយជាលទ្ធផល មនុស្សម្នាក់នោះក៏បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា បើតាមការជឿជាក់របស់ក្រុមអ្នកជំនាញអូស្រ្តាលី ត្រីឆ្លាមសមួយក្បាល ដែលមានបណ្តោយប្រវែងយ៉ាងតិច៣ម៉ែត្រ ទំនងជាត្រីឆ្លាមដែលបានវាយប្រហារជនរងគ្រោះ ក្នុងហេតុការណ៍ខាងលើ។ វាគឺជាករណីត្រីឆ្លាមខាំមនុស្សស្លាប់ជាលើកដំបូងបំផុត នៅទីក្រុងស៉ីដនី បើគិតចាប់តាំងពីឆ្នាំ១៩៦៣មក។ ជាមួយគ្នានេះ អាជ្ញាធរកំពុងស្វែងរកថាតើ ត្រីឆ្លាមនោះកំពុងបន្តស្ថិតនៅតំបន់ឆ្នេរកើតហេតុ ឬយ៉ាងណា៕