(ម៉ូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ យោធារុស្ស៉ីបានចល័តយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ រួមជាមួយយន្តហោះចម្បាំង ដែលផ្ទុកមីស៉ីលល្បឿនលឿនជាងសំឡេង ទៅកាន់មូលដ្ឋានជើងអាកាសរបស់ខ្លួន នៅឯប្រទេសស៉ីរី ដើម្បីចូលរួមសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ ស្របពេលដែលភាពតានតឹងជាមួយលោកខាងលិច ជុំវិញបញ្ហាអ៊ុយក្រែននៅមិនទាន់ស្ងប់នៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា សមយុទ្ធខាងលើដែលត្រូវធ្វើឡើងនៅ តំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ នឹងមានការចូលរួមពីសំណាក់នាវាយោធាសរុប១៥គ្រឿង និងយន្តហោះយោធាប្រហែល៣០គ្រឿង ហើយវាគឺជាផ្នែកនៃគម្រោងសមយុទ្ធយោធាជើងទឹកជាបន្តបន្ទាប់របស់ប្រទេសរុស្ស៉ី ដែលបានចាប់ផ្តើមកាលពីខែមករាកន្លងទៅ ក្រោមការប្រឈមមុខគ្នាជុំវិញបញ្ហាអ៊ុយក្រែន។ យោធារុស្ស៉ីអះអាងថា សមយុទ្ធទាំងនេះមានគោលដៅហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីការពារផលប្រយោជន៍ជាតិ ព្រមទាំងដើម្បីត្រៀមទប់ទល់ការគំរាមកំហែងផ្នែកយោធា ដែលប្រឆាំងមកលើសហព័ន្ធរុស្ស៉ី។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដែលធ្វើប្រតិបត្តិការរយៈចម្ងាយឆ្ងាយធុន Tu-22M3 រួមជាមួយយន្តហោះចម្បាំង MiG-31 ដែលបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង Kinzhal បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសរុស្ស៉ី ហេមីមីម (Hemeimeem) ដែលស្ថិតនៅខេត្ត ឡាតាគា (Latakia) នៃប្រទេសស៉ីរី ដើម្បីចូលរួមសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ។ បើតាមយោធារុស្ស៉ី មីស៉ីល Kinzhal មានសមត្ថភាពហោះបានចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រ ជាមួយល្បឿនលឿនជាងល្បឿនសំឡេង១០ដង៕