(តូក្យូ)៖ កងស្វ័យការពារអាកាសរបស់ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ខ្លួនទើបតែរកឃើញសាកសពអាកាសយានិក២រូប ដែលមានវត្តមានក្នុងយន្តហោះចម្បាំងធុន F-15 មួយគ្រឿង ដែលបានធ្លាក់ទៅចូលក្នុងសមុទ្រជប៉ុន កាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងចំណោមអាកាសយានិកទាំង២នាក់ សាកសពម្នាក់ត្រូវបានរកឃើញកាលពីថ្ងៃសុក្រសប្តាហ៍មុន និងម្នាក់ទៀតត្រូវបានរកឃើញកាលពី ថ្ងៃអាទិត្យសប្តាហ៍ដដែល។ សពអ្នកទាំងពីរត្រូវបានរកឃើញដោយ ក្រុមអ្នកជំនាញមុជទឹកនៃកងម៉ារីនជប៉ុន ហើយត្រូវបានដឹកទៅកាន់ មូលដ្ឋានទ័ពអាកាស កូម៉ាត់ស៊ូ (Komatsu) ដែលស្ថិតនៅទីក្រុង Komatsu នៃខេត្តអ៉ីស៉ីកាវ៉ា (Ishikawa)។

គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះចម្បាំងជប៉ុន F-15 នោះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា។ អាកាសយានិកទាំង២នាក់ មានអាយុ៥២ឆ្នាំ និង៣៣ឆ្នាំ។ មកទល់ពេលនេះ ផ្នែកមួយចំនួនប៉ុណ្ណោះនៃយន្តហោះ ដែលត្រូវបានរកឃើញ៕