(ហាណូយ)៖ ប្រទេសវៀតណាម កំពុងត្រៀមដកចេញវិញទាំងស្រុងនូវបម្រាម COVID-19 របស់ខ្លួន ដែលបានដាក់ទៅលើជើងហោះហើរអន្តរជាតិ ជាមួយគោលដៅទាំងអស់តែម្តង ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ហើយនឹងមិនមានការកំណត់ចំនួនជើងហោះហើរនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឌីញ វៀត សុន (Dinh Viet Son) នាយករងរដ្ឋបាលអាកាសចរណ៍ស៉ីវិលវៀតណាម បាននិយាយយ៉ាងដូច្នេះថា «វៀតណាមនឹងដកការរឹតត្បិតពាក់ព័ន្ធជំងឺ COVID-19 ដែលត្រូវបានដាក់លើជើងហោះហើរអន្តរជាតិ ជាមួយគោលដៅនានា ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះទៅ ហើយសម្រាប់ចំនួនជើងហោះហើរ គឺនឹងត្រូវវិលត្រឡប់ទៅរកកម្រិតដូចកាលពីមុនផ្ទុះវិបត្តិ COVID-19 វិញ ដោយមិនមានការកំណត់ទេ»។

កន្លងមក ប្រទេសវៀតណាមបានចាប់ផ្តើម បន្តជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗ ជាមួយគោលដៅចំនួន១៥ កាលពីដើមឆ្នាំនេះ ហើយទន្ទឹមគ្នាវៀតណាមបានបន្ធូរបន្ថយ ភាពតឹងរ៉ឹងនៃការធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា មកទល់ឥឡូវ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាករណីឆ្លង COVID-19 សរុបជិត២.៥លាននាក់ និងអ្នកស្លាប់ខ្ទង់ ៣៩,០០០នាក់ ខណៈអត្រាករណីឆ្លងប្រចាំថ្ងៃ ស្ថិតនៅចំនួនប្រមាណជាង២០,០០០នាក់ ក្នុងមួយថ្ងៃ៕