(កៀវ)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែនហើយ ស្ថិតក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង ដែលកំពុងកើនឡើងយ៉ាងគំហុករវាង រុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការធ្វើដំណើរទៅកាន់អ៊ុយក្រែន ដោយមេដឹកនាំអាល្លឺម៉ង់ពេលនេះ បានកើតមានឡើងស្របពេលដែល ការព្រមានពីសំណាក់សហរដ្ឋអាមេរិក អំពីលទ្ធភាពដែលរុស្ស៊ីវាយប្រហារលើអ៊ុយក្រែននោះ កាន់តែកើនឡើង ខណៈការបង្គាប់ឲ្យជម្លៀសបុគ្គលិកទូត និងពលរដ្ឋនៃសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តចេញពីអ៊ុយក្រែន ក៏បាននិងកំពុងប្រព្រឹត្តទៅ យ៉ាងផុសផុលផងដែរ។

ជុំវិញស្ថានការណ៍តានតឹងនេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងនៅមុនពេលលោកឡើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងកៀវថា «ការវាយប្រហារណាមួយដោយរុស្ស៊ី នឹងនាំរកទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នរួចជាស្រេច ហើយនឹងអាចដាក់ចេញភ្លាមៗតែម្តង...»។ តែយ៉ាងណា លោក Scholz បានគូសបញ្ជាក់ថា ដំណើរទៅកាន់អ៊ុយក្រែនពេលនេះ គឺស្ថិតក្នុងគោលដៅរិះរកមធ្យោបាយ ដើម្បីធានាឲ្យបាននូវសន្តិភាពសម្រាប់់តំបន់អឺរ៉ុប។

គួរបញ្ជាក់ថា លោក Olaf Scholz នឹងត្រូវជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដែលអាល្លឺម៉ង់ អាចជួយរក្សាលំនឹងនៃសេដ្ឋកិច្ចអ៊ុយក្រែន ដែលកំពុងរង្គោះរង្គើដោយសារតែ ការគំរាមកំហែងអំពីសង្គ្រាមជាមួយរុស្ស៊ី។ ដោយឡែក សម្រាប់បញ្ហាពាក់ព័ន្ធនឹង សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO វិញនោះ ត្រូវបានគេមើលឃើញថា នឹងមិនស្ថិតក្នុងរបៀបវារៈនៃកិច្ចសន្ទនា រវាងមេដឹកនាំប្រទេសទាំងពីរនោះឡើយ៕