(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលលោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន បំពេញទស្សនកិច្ចនៅប្រទេសចិន ប្រទេសចិន និងអាហ្សង់ទីនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានភាពកាន់តែស៊ីជម្រៅ។ ក្នុងសេចក្តីថ្លែងការណ៍នេះ ភាគីចិនរំលឹកឡើងវិញនូវការគាំទ្រសំណូមពររបស់ភាគីអាហ្សង់ទីន ស្តីពីការអនុវត្តអធិបតេយ្យភាពទាំងស្រុង លើបញ្ហាប្រជុំកោះ Malvinas ព្រមទាំងធ្វើការចរចាជាថ្មីឡើងវិញក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយវិវាទដោយសន្តិភាព តាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ។

នេះជាគោលជំហរជាប់រហូតមករបស់ភាគីចិន គោលជំហរនេះមិនត្រឹមតែបានបង្ហាញពីការគោរព ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងក៏ជាការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងបានបង្ហាញពីទំនួលខុសត្រូវ ដែលប្រឆាំងនឹងអាណានិគមនិយម និងគាំពារសមភាព និងយុត្តិធម៌អន្តរជាតិទៀតផង ហើយទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។

ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ការពិតនៃបញ្ហាប្រជុំកោះ Malvinas គឺជាបញ្ហាបន្សល់ទុកពីប្រវត្តិសាស្ត្រអាណានិគមនិយម។ កាលពីឆ្នាំ១៨១៦ ពេលប្រទេសអាហ្សង់ទីនបម្រះខ្លួនចេញផុតពីការគ្រប់គ្រង នៃអាណានិគមរបស់អេស្ប៉ាញ និងទទួលបានឯករាជ្យ ក៏បានទទួលអធិបតេយ្យភាពចំពោះប្រជុំកោះ Malvinas ផងដែរ។ កាលពីឆ្នាំ១៨៣៣ ប្រទេសអង់គ្លេសដែលធ្វើការវាតទីខាងអាណានិគមនិយម នៅទ្វីបអាមេរិកខាងត្បូងបានទន្ទ្រានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងអាវុធ។ កាលពីឆ្នាំ១៩៦៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្ត ដែលដាក់បញ្ចូលបញ្ហានេះក្នុងក្របខ័ណ្ឌ «លុបចោលអាណានិគមនិយម» ដាស់តឿនភាគីអង់គ្លេស និងអាហ្សង់ទីនធ្វើការចរចាទ្វេភាគី ដើម្បីដោះស្រាយវិវាទខាងអធិបតេយ្យភាព។ កិច្ចប្រជុំនៃគណៈកម្មាធិការមិនមែនអាណានិគមនិយមនៃអង្គការសហប្រជាជាតិក៏បានដាស់តឿនជាច្រើនលើកឱ្យរដ្ឋាភិបាលអង់គ្លេសធ្វើការចរចាជាមួយរដ្ឋាភិបាលអាហ្សង់ទីនដែរ ប៉ុន្តែភាគីអង់គ្លេសបែរជាបដិសេធមិនព្រមធ្វើការចរចា ។ ប្រការនេះត្រូវបានសហគមន៍អន្តរជាតិរិះគន់ថា គឺភាគីអង់គ្លេសចចេសអនុវត្តគំនិតអាណានិគមនិយម ។

អាចឃើញថា បញ្ហាប្រជុំកោះ Malvinas គឺកើតឡើងរវាងអង់គ្លេស និងអាហ្សង់ទីន ដែលជាប្រទេសមានអធិបតេយ្យភាព ពោលគឺបញ្ហាអន្តរជាតិ។ ភាគីចិនគាំទ្រសំណូមពរដ៏ត្រឹមត្រូវរបស់អាហ្សង់ទីន ចំពោះអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ជាប់រហូតមក នេះគឺសមស្របនឹងស្មារតីនៃសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ និងបង្ហាញពីគំនិតឯកភាពរួមអន្តរជាតិ។

បច្ចុប្បន្ននេះ ភាគីអង់គ្លេសគួរតែធ្វើការចរចាជាមួយអាហ្សង់ទីនជាថ្មីឡើងវិញ និងដោះស្រាយបញ្ហាប្រជុំកោះ Malvinas ដោយសន្តិភាពក្នុងពេលឆាប់ៗ តែមិនមែនមិនអើពើនឹងសេចក្តីសម្រេចចិត្ត នៃអង្គការសហប្រជាជាតិ និងវាយប្រហារភាគីចិនដែលឈរនៅប៉ែកយុត្តិធម៌ រហូតដល់ប្រឌិតអ្វីដែលហៅថា សេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងឆ្លៀតឱកាសនេះដាក់កម្លាំងសម្ពាធទៅលើភាគីចិន។

ក្នុងសតវត្សរ៍ទី២១នេះ ពេលវេលាដែលពួកអាណានិគមប៉ែកខាងលិច ធ្វើអ្វីតាមទំនើងចិត្តគឺមិនអាចត្រឡប់មកវិញនោះទេ!ប្រសិនបើអ្នកនយោបាយអង់គ្លេសដែលមានភាពលាក់ពុតទាំងនោះចង់ «ឈរនៅប៉ែកខាងយុត្តិធម៌» នោះ ក៏ត្រូវសងប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញ! ពួកគេគួរតែបើកភ្នែកឡើងទៅមើលថា ពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនជាយុគសម័យអាណានិគមនិយមទៀតទេ ហើយអ្នកនយោបាយអង់គ្លេសដែលប៉ុនប៉ងបង្ករឿងហេតុ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត គឺមានតែជាន់កែងខ្លួនឯង រងនូវភាពអាម៉ាសជាក់ជាមិនខាន!៕ (CCFR Comment#)