(ឡុងដ៍)៖ ចក្រភពអង់គ្លេស មានផែនការបញ្ជូនបរិក្ខាយោធា និងជំនួយសេដ្ឋកិច្ចបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន នៅចំពោះមុខការភ័យខ្លាចកាន់តែខ្លាំងនៃការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសខាងលើដដែលបានបញ្ជាក់ដូច្នេះថា «វិបត្តិនៅឯតំបន់ ព្រំដែនអ៊ុយក្រែន បានឈានដល់ដំណាក់កាលមួយដ៏សំខាន់ ហើយរាល់ព័ត៌មានដែលយើងទទួលបាន នោះគឺសន្មត់ថារុស្ស៊ីអាចនឹងបើក ការឈ្លានពានលើអ៊ុយក្រែន គ្រប់ពេលវេលា»។ អ្នកនាំពាក្យរូបនេះបន្ថែមថាចក្រភពអង់គ្លេស កំពុងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបញ្ជូនជំនួយ សេដ្ឋកិច្ច និងបរិក្ខាយោធាក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងរថក្រោះឱ្យអ៊ុយក្រែន ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាឱ្យកងទ័ពរបស់លោក បើកការវាយប្រហារលើអ៊ុយក្រែន នៅមុនថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង នៅថ្ងៃទី២០ ខែកុម្ភៈនេះ៕