(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមានជាថ្មីថារុស្ស៊ីអាចនឹងបង្កើតលេស មួយ ដើម្បីបើកការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

រុស្ស៊ីត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពច្រើនជាង ១សែននាក់ នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយហៅការដាក់ពង្រាយកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះថាជាការត្រៀមលក្ខណៈឈ្លានពាន។ ប៉ុន្តែ ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់បែបនេះ និងចោទលោកខាងលិចវិញថាកំពុងមាន «រោគសសៃប្រសាទ»។

តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យនោះដែរ មានសេចក្ដីរាយការណ៍ជាច្រើនថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថា រុស្ស៊ីមានផែនការឈ្លានពានអ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែ ខាងមន្ត្រីអាមេរិកមិនទាន់ទទួលស្គាល់ ឬបញ្ជាក់លម្អិតពីសេចក្ដីរាយការណ៍ នេះនៅឡើយទេ។

ម្យ៉ាងវិញទៀត នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន នឹងបន្តចែករំលែកព័ត៌មានដែលខ្លួនទទួលបានជាមួយពិភពលោក ដើម្បីទប់ស្កាត់កុំឱ្យរុស្ស៊ីមានឱកាសបង្កើតលេសឈ្លានពានអ៊ុយក្រែន ព្រមទាំង សន្យាផងដែរថានឹងការពារមិនឱ្យដែនដី NATO បាត់បង់មួយចំអាមណាឡើយ៕