(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) បានអះអាងជាថ្មីថា នឹងបន្តការព្យាយាមផ្នែកការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹង។ តែយ៉ាងណា លោក ចូ បៃដិន ក៏បានសន្យាផងដែរថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ចេញពីសេតវិមាននៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានលើកឡើងថា «លោកប្រធានាធិបតី ចូ បៃដិន បានគូសបញ្ជាក់យ៉ាងច្បាស់ ប្រាប់ទៅសមភាគីអ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនទាំងអស់ ចំពោះរាល់ការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន»

បើតាមការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែន, មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើរុស្ស៊ីជ្រើសរើសវាយប្រហារអ៊ុយក្រែននោះ។ ទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍មុននេះ បានព្រមានជាថ្មីថា ការបង្កើនមានវត្តមានយោធា និងសព្វារបស់រុស្ស៊ី កាន់តែកៀកនឹងព្រំដែនអ៊ុយក្រែននោះ គឺជាសញ្ញានៃការត្រៀមវាយលុក ក្នុងពេលឆាប់ៗ។ តែយ៉ាងណា រុស្ស៊ីបានចេញមុខច្រានចោលម្តងទៀត ចំពោះការលើកឡើងនេះ។

គួរបញ្ជាក់ថា ការធានរ៉ាប់រងចំពោះអ៊ុយក្រែនខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ១ម៉ោងថា បណ្តាប្រទេសលោកខាងលិច នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងរាល់សកម្មភាពឈ្លានពានលើអ៊ុយក្រែន ដែលនឹងធ្វើឱ្យរុស្ស៊ីរងការឈឺចាប់ និងកាន់តែឯកោខ្លាំងឡើង៕