(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងបើកកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយការទូត នៅក្នុងពេលឆាប់ៗនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសខាងលើរបស់ការិយាល័យលោក ចនសុន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្តី្រការពារជាតិអង់គ្លេសបាននិយាយថាបណ្ដាប្រទេសលោកខាងលិច ចំនួនមិនបានប្រកាន់ជំហរតឹងរ៉ឹងគ្រប់គ្រាន់ប្រឆាំងទីក្រុងម៉ូស្គូទេ ខណៈការភ័យខ្លាចកាន់តែកើនឡើងថារុស្ស៊ីកំពុងត្រៀមលក្ខណៈឈ្លានពាន អ៊ុយក្រែន។

បើតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស, លោក ចនសុន នឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកដទៃ ហើយជាពិសេសគឺកិច្ចពិភាក្សា ជាមួយបណ្ដាប្រទេសអឺរ៉ុបខាងជើង និងប្រទេសក្នុងតំបន់បាល់ទិក។

គួរបញ្ជាក់ថា រុស្ស៊ីនៅតែបដិសេធថាខ្លួនមិនមានផែនការវាយប្រហារលើប្រទេសណាមួយឡើយ ប៉ុន្តែក៏មិនព្រមដក ឬកាត់បន្ថយចំនួនកងទ័ព នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន នោះដែរ។ រុស្ស៊ីត្រូវបានប្រទេសលោកខាងលិចចោទថាបានដាក់ពង្រាយកងទ័ពច្រើនជាង ១សែននាក់ នៅក្បែរព្រំដែនអ៊ុយក្រែន ហើយការដាក់ពង្រាយកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះត្រូវបានអាមេរិកចាត់ទុកថាជាសកម្មភាពត្រៀម បើកការឈ្លានពាន៕