(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានដកស្រង់សម្តីរបស់លោក Volodymyr Zelenskiy យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការមកដល់របស់អ្នក (លោក ចូ បៃដិន) នៅទីក្រុងកៀវ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាកត្តាសំខាន់ ក្នុងការជំរុញឲ្យមានស្ថិរភាពឡើងវិញ នឹងក្លាយជាសញ្ញាដ៏មានឥទ្ធិពល និងរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង»

គួរបញ្ជាក់ថា ការអញ្ជើញដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែកុម្ភៈនោះ បានកើតមានឡើង ខណៈដែលស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី នៅបន្តកើនឡើងជាលំដាប់ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានព្រមានជាថ្មីផងដែរថា ការបង្កើតមានវត្តមានយោធា និងសព្វារបស់រុស្ស៊ី កាន់តែកៀកនឹងព្រំដែនអ៊ុយក្រែននោះ គឺជាសញ្ញានៃការត្រៀមវាយលុក ក្នុងពេលឆាប់ៗ។ តែយ៉ាងណា រុស្ស៊ីបានចេញមុខច្រានចោលម្តងទៀត ចំពោះការលើកឡើងនេះ។

យ៉ាងណាក៏ដោយ សេតវិមានទីក្រុងវ៉ាស៊ីនតោន បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការអញ្ជើញខាងលើនេះឡើយ។ ដោយឡែក សារព័ត៌មាន CNN របស់អាមេរិក បានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនមួយរូប ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ៊ុយក្រែនពុំបានទទួលចម្លើយវិជ្ជមានពីលោក ចូ បៃដិន ជុំវិញគំនិតនេះឡើយ។

លោកប្រធានាធិបតីអ៊ុយក្រែនកន្លងមកនេះ ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះការវាយតម្លៃអាក្រក់ៗ អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយលោកថា ការព្រមានបែបនេះបានធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចប្រទេសនេះ និងកំពុងបន្ថែមសម្ពាធលើរូបិយប័ណ្ណជាតិអ៊ុយក្រែន៕