(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាលោកខាងលិចនឹងចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ ទៅនឹងរាល់សកម្មភាពឈ្លានពានលើអ៊ុយក្រែន ដែលមានតែធ្វើឱ្យរុស្ស៊ីរងការឈឺចាប់ និងកាន់តែឯកោ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ការព្រមានខាងលើរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជាង១ម៉ោង ជាមួយលោក ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ មួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តព្រមានថាយោធារុស្ស៊ីច្រើនជាង ១សែននាក់ដែលកំពុងប្រមូលផ្ដុំនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន អាចបើកការវាយលុកនៅគ្រប់ពេលវេលាទាំងអស់។

ក្រោយជំនួបរវាងលោក បៃដិន និងលោក ពូទីន, ទាំងអាមេរិក និងរុស្ស៊ីមិនទាន់អាចបំបែកភាពជាប់គាំងបាននៅឡើយទេ ដោយមានតែការព្រមាន និងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក តែប៉ុណ្ណោះ។ ឆ្លើយតបទៅនឹងការព្រមានរបស់លោក បៃដិន វិមានក្រឹមឡាំងឯណោះវិញបានឱ្យដឹងថា លោក ពូទីនបានប្រាប់លោក បៃដិនថាទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការទទួលយកការព្រួយបារម្ភរបស់រុស្ស៊ី ក្នុងនោះរួមមានការសន្យាមិន ទទួលយកអ៊ុយក្រែនជាសមាជិក NATO និងការបញ្ឈប់ការបង្កើនវត្តមានកងទ័ពក្នុងតំបន់អឺរ៉ុបខាងកើតជាដើម។

គួរបញ្ជាក់ថា រុស្ស៊ីនៅតែបដិសេធថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយទេ និងចោទប្រកាន់លោកខាងលិចកំពុងបង្កភាពភ័យខ្លាច ហើយថាការដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន គឺដើម្បីការពារសន្តិសុខរបស់ខ្លួន ប្រឆាំងនឹងឈ្លានពានណាមួយពីសម្ពន្ធមិត្តរបស់ NATO តែប៉ុណ្ណោះ៕