(កៀវ)៖ ប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ បានដើរជាក្បួនដង្ហែរក្នុងទីក្រុងកៀវ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីបង្ហាញពីសាមគ្គីភាព ខណៈមាន ការព្រួយបារម្ភកាន់តែខ្លាំងថារុស្ស៊ីអាចនឹងប្រើកម្លាំងយោធាវាយលុកចូលអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅកណ្ដាលទីក្រុងកៀវ ប្រជាជនអ៊ុយក្រែនបានគ្រវីទង់ជាតិ និងស្រែកច្រៀងលើសរសើរអ៊ុយក្រែន ហើយថាពួកគេនឹងងើបឡើងតស៊ូ ចំណែកឯ អ្នកឈ្លានពានត្រូវតែស្លាប់។

ជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានទទួលស្គាល់ថាការវាយប្រហាររបស់រុស្ស៊ី អាចនឹងកើតឡើងគ្រប់ពេលវេលា ប៉ុន្តែលោកនៅតែប្រឆាំងចំពោះអ្វីដែលលោកហៅថាព័ត៌មានបង្កការភ័យខ្លាចជ្រុលហួសហេតុពីសង្រ្គាមទ្រង់ទ្រាយធំ។ «ព័ត៌មានទាំងអស់នេះ គឺគ្រាន់តែបង្កការភ័យខ្លាច ហើយមិនអាចជួយអ្វីពួកយើងបានឡើយ។ ខ្ញុំមិនអាចយល់ស្រប ឬជំទាស់ទៅនឹងអ្វីដែលមិនទាន់កើតឡើងនោះទេ ដ្បិត បច្ចុប្បន្ន មិនទាន់មានសង្រ្គាមទ្រង់ទ្រាយធំនៅអ៊ុយក្រែនទេ»។ នេះជាការបញ្ជាក់របស់លោក ហ្សេឡិនស្គី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ពន្ធជាច្រើនបានបង្គាប់ឱ្យប្រជាជន និងបុគ្គលិកទូតរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន ការសម្រេចចិត្តបែបនេះកើតមានឡើង បន្ទាប់ពីសេតវិមានព្រមានជាថ្មីថារុស្ស៊ីអាចវាយលុកអ៊ុយក្រែន ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ នេះ៕