(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន២៧,៣១១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,៩៨១ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៣០០ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន១,៥៥០ករណី, ខេត្ត Hải Phòng ១,៣៩៤ករណី និងខេត្ត Thái Nguyên ៩៧៨ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ចំនួន៧៨នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៤៨៤,៤៨១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,២១៨,៩៣៩នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៨,៨៦២នាក់ដដែល៕