(មែលប៊ន)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសសុន (Scott Morrison) បានប្រកាសនៅថ្ងៃសៅរ៍នេះ ដោយអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួននៅអ៊ុយក្រែន ប្រញាប់ចាកចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះ ឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន ខណៈស្ថានការណ៍នៅក្នុងតំបន់នោះ កំពុងឈានទៅរកភាពគ្រោះថ្នាក់ កាន់តែខ្លាំងឡើងៗហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយឡែក ក្រសួងការបរទេសនូវែលសេឡង់វិញ ក៏បានចេញសេចក្តីប្រកាស ស្រដៀងគ្នានេះដែរ ដោយបានណែនាំឲ្យពលរដ្ឋនូវែលសេឡង់ទាំងអស់ ប្រញាប់ចាកចេញពីប្រទេសអ៊ុយក្រែន ខណៈស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកាន់តែកើនឡើង។ បើតាមក្រសួងការបរទេសនូវែលសេឡង់ ថ្វីត្បិតខ្លួនគ្មានស្ថានទូតប្រចាំនៅអ៊ុយក្រែន ប៉ុន្តែកិច្ចការគ្រប់យ៉ាងអាចសម្រួល តាមរយៈស្ថានកុងស៊ុលនៅទីនោះបាន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ចាកចេញពីទឹកដីអ៊ុយក្រែន នៅក្នុងរយៈពេល ៤៨ម៉ោងផងដែរ។ សហរដ្ឋអាមេរិកបានធ្វើការព្រមានជាថ្មីថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពក្នុងចំនួនគ្រប់គ្រាន់ ដែលអាចបើកការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន។

ទីប្រឹក្សាសន្តិសុខជាតិប្រចាំនៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក ចេក សាល់លីវែន (Jake Sullivan) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃសុក្រសប្តាហ៍នេះថា «ការវាយប្រហារមួយដោយរុស្ស៊ី នឹងអាចចាប់ផ្តើមនៅថ្ងៃណាមួយ ហើយវានឹងចាប់ផ្តើមដោយ ការវាយប្រហារតាមផ្លូវអាកាស ខណៈដែលការវាយសម្រុកយ៉ាងលឿន សំដៅទៅរករដ្ឋធានីកៀវ ក៏អាចនឹងទៅរួចផងដែរ»

បើតាមលោក Jake Sullivan, គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក ត្រៀមបើកការវាយប្រហារ ទៅលើអ៊ុយក្រែនហើយឬនៅនោះ។ យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក ពូទីន ក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាគ្នាអំពីវិបត្តិនេះ៕