(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រៀមជួបពិភាក្សាគ្នាសាជាថ្មីម្តងទៀត តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃសៅរ៍នេះ ចំពោះមុខភាពតានតឹងដែលកំពុងបន្ត ជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងរុស្ស៉ី រួមជាមួយមន្រ្តីសេតវិមានអាមេរិក ជំនួបសន្ទនាខាងលើ នឹងប្រព្រឹត្តទៅនៅខ្ទង់វេលាល្ងាចឬយប់ថ្ងៃសៅរ៍នេះ គិតតាមពេលវេលានៅទីក្រុងម៉ូស្គូ ហើយត្រូវនឹងវេលាព្រឹកថ្ងៃសៅរ៍ បើតាមពេលវេលានៅទីក្រុងវ៉ាស៉ីនតោន។ ដំបូងឡើយ រុស្ស៉ីបានស្នើឱ្យកិច្ចសន្ទនាតាមទូរស័ព្ទនោះ រៀបចំឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយឯណោះទេ ប៉ុន្តែខាងអាមេរិកបានស្នើយកថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញ ហើយខាងរុស្ស៉ីក៏យល់ស្រប។

វានឹងជាកិច្ចពិភាក្សាលើកទី៣ហើយ រវាងលោក បៃដិន និងលោក ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន ក្នុងរយៈពេលត្រឹមជាង២ខែប៉ុណ្ណោះ។ មេដឹកនាំនៃប្រទេសទាំងពីរ បានជួបសន្ទនាគ្នាតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្តង និងជួបតាមទូរស័ព្ទម្តងទៀត នៅចុងខែដដែលនោះ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោននៅតែបន្តព្រមានពី លទ្ធភាពនៃការវាយប្រហាររបស់រុស្ស៉ីទៅលើអ៊ុយក្រែន និងបានណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីអ៊ុយក្រែន ជាបន្ទាន់ថែមទៀតផងដែរ។ ដោយឡែក ទីក្រុងម៉ូស្គូវិញ នៅតែបន្តបដិសេធចំពោះគម្រោងឈ្លានពានលើអ៊ុយក្រែន ហើយបានទទូចឱ្យអាមេរិកនិងក្រុមប្រទេសលោកខាងលិច បន្ធូរបន្ថយភាពតានតឹង និងឈប់បញ្ជូនសព្វាវុធទៅអ៊ុយក្រែន៕