(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសសហភាពអឺរ៉ុប ដែលបានរិះគន់ការធ្វើតេស្ដមីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់ កាលពីខែមករាកន្លងទៅ ដោយចាត់ទុកថាវាជា សកម្មភាពលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅគេហទំព័របស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «យើង ថ្កោលទោសយ៉ាងខ្លាំង និងច្រានចោលការលូកលាន់កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពនៃប្រទេសរបស់យើង។ ការបង្កើនសមត្ថភាពការពារជាតិរបស់យើងមិនបាន បង្កការគំរាមកំហែងណាមួយ ឬក៏បង្កការបំផ្លិចបំផ្លាញដល់ប្រទេសក្បែរខាង និងតំបន់ទាំងមូលនោះទេ»

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ, កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន ៧លើក ដោយក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយមធ្យមដែលស្ថិតនៅ ក្រោមការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់នេះកំពុងបង្កឱ្យមានការព្រួយបារម្ភថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ២០១៧មក៕