(មែលប៊ន)៖ សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា នៅថ្ងៃសុក្រនេះ បានប្តេជ្ញារួមគ្នាដើម្បីការពារសិទ្ធិសេរីភាព នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពីការគំរាមកំហែងនានា ចំពោះមុខការកើនឡើងនៃឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំង ៤ ខាងលើហៅកាត់ថា ក្វាដ (Quad) បានប្តេជ្ញាធ្វើការងាររួមគ្នា ជុំវិញការផ្តល់ជំនួយមនុស្សធម៌, ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម, រក្សាសន្តិសុខតាមអ៊ីនធើណិត ព្រមទាំងការពារសិទ្ធសេរីភាព នៃការធ្វើនាវាចរ និងដោះស្រាយបញ្ហាប្រឈម លើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។

ទោះបីជាវិបត្តិកាន់តែកើនឡើង រវាងលោកខាងលិច និងរុស្ស៊ី ពាក់ព័ន្ធនឹងអ៊ុយក្រែន ស្ថិតនៅក្រៅតំបន់នេះក្តី ក៏វាបានក្លាយជារបៀបវារៈកំពូលមួយផងដែរ នៅក្នុងកិច្ចប្រជុំ Quad នៅក្នុងប្រទេសអូស្ត្រាលីលើកនេះ, ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានចាត់ទុកសកម្មភាពរបស់ទីក្រុងម៉ូស្គូ ជាបញ្ហាប្រឈមចំពោះច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលបណ្តាប្រទេស Quad នឹងខិតខំធ្វើការងារជុំវិញបញ្ហានេះ។

លោក Blinken បានសង្កត់ធ្ងន់ចំពោះមុខសមភាគី អូស្ត្រាលី ឥណ្ឌា និងជប៉ុនថា «ទាំងអស់នេះ គឺរាប់បញ្ចូលទាំងការការពារសិទ្ធិ របស់ប្រទេសទាំងអស់ ក្នុងការជ្រើសរើសមាគ៌ាដែលខ្លួនត្រូវដើរ ដោយមិនទទួលរងការបង្ខិតបង្ខំ, ព្រមទាំងសិទ្ធិរបស់ពួកគេ ក្នុងការមានអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលត្រូវបានគេគោរព»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក បានមកដល់ទឹកដីអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងភាពតានតឹង កាន់តែខ្លាំងឡើងជាមួយទីក្រុងម៉ូស្គូ ដែលបានប្រមូលផ្តុំកងទ័ពប្រមាណ ១០០,០០០នាក់នៅជិតព្រំដែនអ៊ុយក្រែន និងបានធ្វើឱ្យមានការភ័យខ្លាចថា ការវាយលុកចូលទឹកដីអ៊ុយក្រែន នឹងកើតឡើងក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណា រុស្ស៊ីបានបដិសេធជានិច្ចថា ខ្លួនមិនមានផែនការបែបនេះឡើយ៕