(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសគម្រោងធំមួយ ក្នុងការសាងសង់រ៉ែអាក់ទ័រនុយក្លេអ៊ែរថ្មីៗបន្ថែម រហូតដល់១៤គ្រឿង ដោយលើកហេតុផលថា វានឹងជួយបញ្ឈប់ការពឹងផ្អែករបស់ប្រទេសបារាំង ទៅលើឥន្ធនៈផូស៉ីល ហើយនឹងធ្វើឱ្យបារាំងសម្រេចបាន អព្យាក្រឹត្យភាពកាបូន (carbon neutral) នៅត្រឹមឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

លោកប្រធានាធិបតីបារាំងបាននិយាយថា រ៉េអាក់ទ័រថ្មីៗយ៉ាងហោចចំនួន៦គ្រឿង នឹងត្រូវសាងសង់ដោយក្រុមហ៊ុនថាមពលរដ្ឋ EDF ហើយក៏នឹងមានការសិក្សា ជុំវិញការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៨ផ្សេងទៀតផងដែរ។ បើតាមលោក ម៉ាក្រុង រ៉េអាក់ទ័រ១គ្រឿងដំបូង នឹងទំនងជានឹងអាចចាប់ផ្តើមដំណើរការបាននៅឆ្នាំ២០៣៥ ហើយលោកនឹងពិនិត្យមើលទៅលើការពន្យារអាយុកាលដំណើរការ នៃរ៉េអាក់ទ័រដែលមានស្រាប់ ប្រសិនបើវាអាចប្រព្រឹត្តទៅបានដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ជាមួយគ្នានេះ លោក ម៉ាក្រុង ក៏បានប្រកាសពីគម្រោងបង្កើនការអភិវឌ្ឍ ប្រភពថាមពលសូឡានិងខ្យល់ផងដែរ ដោយថាបារាំងពុំមានជម្រើសអ្វីផ្សេង ក្រៅពីពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ និងថាមពលដែលអាចកកើតថ្មីនោះឡើយ។ បច្ចុប្បន្ន ថាមពលនុយក្លេអ៊ែរទទួលបន្ទុក ប្រហែល៧០ភាគរយ ក្នុងការផ្តល់អគ្គិសនីនៅក្នុងប្រទេសបារាំង ខណៈសេដ្ឋកិច្ចបារាំងបានពឹងផ្អែកលើ ប្រភពថាមពលដែលចំណាយតិចនេះ តាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ៕