(តែលអាវីវ)៖ ក្នុងសប្តាហ៍នេះ អ៉ីស្រាអែលបានប្រកាសពីការអនុញ្ញាតជាលើកដំបូងបំផុត សម្រាប់ឱ្យយន្តហោះដ្រូន ហៅកាត់ថា UAV អាចធ្វើប្រតិបត្តិការហោះហើរក្នុងដែនអាកាសស៉ីវិល នៅរយៈកម្ពស់ខ្ពស់បាន ដែលប្រការនេះនាំឱ្យអ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលបានធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

សិទ្ធិអនុញ្ញាតឱ្យហោះហើរខាងលើ ត្រូវបានអាជ្ញាធរអាកាសចរណ៍ស៉ីវិល CAA របស់អ៉ីស្រាអែល ផ្តល់ជូនដល់ប្រព័ន្ធយន្តហោះដ្រូន ហឺម៉េស ស្តាឡាញណឺ (Hermes Starliner) ដែលត្រូវបានអភិវឌ្ឍនិងផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល អេលប៊ីត ស៉ីស្ទឹម (Elbit Systems)។ ដោយសារតែហេតុផលសុត្ថិភាព អាជ្ញាធរអាកាសចរណ៍របស់ប្រទេសនានា ហាមឃាត់មិនឱ្យដ្រូនធ្វើប្រតិបត្តិការ ក្នុងដែនអាកាសស៉ីវិលជាទូទៅនោះឡើយ។ ប៉ុន្តែក្រោយទទួលបានការអនុញ្ញាតនេះ យន្តហោះដ្រូនរបស់ក្រុមហ៊ុន Elbit នឹងអាចហោះហើរក្នុងដែនអាកាសនៅរយៈកម្ពស់ខ្ពស់ៗ ដូចជាយន្តហោះធម្មតាដែរ។

គួរបញ្ជាក់ថា យន្តហោះដ្រូន Hermes Starliner មានប្រវែង១៧ម៉ែត្រ គិតពីចុងស្លាបម្ខាងទៅម្ខាងទៀត និងទម្ងន់១.៦តោន។ វាអាចហោះហើរបានរហូតដល់៣៦ម៉ោង នៅរយៈកម្ពស់ប្រមាណ៧,៦០០ម៉ែត្រ និងអាចផ្ទុកឧបករណ៍ផ្សេងៗបន្ថែម បានសរុប៤៥០គីឡូក្រាម។ យន្តហោះដ្រូននេះ នឹងអាចប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ដូចជាប្រតិបត្តិការការពារសន្តិសុខព្រំដែន និងប្រតិបត្តិការប្រឆាំងភេរវកម្ម។ មិនតែប៉ុណ្ណោះ វាក៏អាចចូលរួមក្នុងការធានាសន្តិសុខដល់ព្រឹត្តិការណ៍សាធារណៈធំៗ, ការរុករកនិងជួយសង្រ្គោះនៅដែនសមុទ្រ, ការធ្វើអធិការកិច្ចបរិស្ថាន និងជួយដល់ការងារក្នុងវិស័យកសិកម្មថែមទៀតផង៕