(ស៉ីដនី)៖ ប្រជាជនទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី នឹងចាំបាច់ត្រូវតែនាំគ្នាទៅចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ទើបអាចត្រូវចាត់ទុកថា ទទួលបានការចាកវ៉ាក់សាំងពេញលេញ ឬគ្រប់ដូស ប៉ុន្តែសម្រាប់អ្នកដំណើរបរទេសវិញ គឺមិនមែនការប្រែប្រួលនោះឡើយ ដោយពួកគេត្រូវការចាក់តែ២ដូសប៉ុណ្ណោះ ដើម្បីចូលទៅកាន់អូស្រ្តាលីបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

គោលការណ៍ថ្មីខាងលើ ត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្រ្តាលី កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងថា ស្ថានភាពចាក់វ៉ាក់សាំងរបស់បុគ្គលម្នាក់ នឹងត្រូវចាត់ទុកត្រឹមជា «មិនទាន់គ្រប់ដូស» ប៉ុណ្ណោះ ប្រសិនបើគេមិនទាន់ទទួលបានដូសជំរុញ ឬដូសទី៣ ក្នុងរយៈពេល៦ខែ ក្រោយការចាក់ដូសទី២។

យ៉ាងណាក្តី សម្រាប់អ្នកដំណើរបរទេស ដែលចង់ចូលទៅកាន់អូស្រ្តាលី គឺតម្រូវឱ្យទទួលបានការចាក់វ៉ាក់សាំង COVID-19 ត្រឹម២ដូសដដែល ខណៈអូស្រ្តាលីត្រៀមខ្លួនបើកចំហព្រំប្រទល់ប្រទេសឡើងវិញទាំងស្រុង នៅថ្ងៃទី២១ ខែកុម្ភៈ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រជាជនអូស្រ្តាលីប្រមាណជា៨០ភាគរយ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ចំនួន២ដូស ខណៈជាង ៣៧ភាគរយ បានចាក់ដូសជំរុញ ឬដូសទី៣។ ប្រទេសអូស្រ្តាលីមានប្រជាជនសរុបចំនួនជាង ២៥លាននាក់៕