(វ៉ាស៊ីនតោន)៖ កិច្ចសន្ទនាតាមទូរស័ព្ទដ៏កម្រ ត្រូវបានធ្វើឡើងរវាងអគ្គមេបញ្ជាយោធាអាមេរិកលោក ម៉ាក មីល្លី (Mark Milley) និងសមភាគីបេឡារុសលោក វីកទ័រ ហ្គូឡាវិច (Viktor Gulevich) ដើម្បីបញ្ចៀសការយល់ច្រឡំនានាដែលអាចកើតមាន ជុំវិញការធ្វើសមយុទ្ធយោធារវាង «បេឡារុស និងរុស្ស៊ី» ដែលកំពុងប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីការបកស្រាយប្រាប់គ្នាទៅវិញទៅមក ដើម្បីបញ្ចៀសការយល់ច្រឡំ ដែលអាចកើតឡើងជាយថាហេតុរួចហើយនោះ ភាគីទាំងពីរអាមេរិក-បេឡារុស ក៏បានពិភាក្សាគ្នាផងដែរ អំពើបញ្ហាគួរឲ្យព្រួយបារម្ភទាំងឡាយ ទាក់ទងនឹងបញ្ហាសន្តិសុខក្នុងតំបន់។ វាបានកើតមានឡើងស្របពេលដែល ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការព្រមានអំពីលទ្ធភាព ដែលកងទ័ពរុស្ស៊ីអាចវាយលុក ចូលទឹកដីអ៊ុយក្រែន ដែលនាំឲ្យតំបន់អឺរ៉ុបខាងកើតទាំងមូល ត្រូវស្ថិតក្នុងភាពតានតឹងខ្លាំងឡើងៗ។

សេចក្តីថ្លែងការណ៍ពីមន្ទីរបញ្ចកោណ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការហៅទូរស័ព្ទ (កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ) បានសម្របសម្រួលផ្នែកទំនាក់ទំនង រវាងមេដឹកនាំទាំងពីរ ដើម្បីកាត់បន្ថយហានិភ័យនៃការគណនាខុស និងទទួលបានការយល់ដឹងទៅវិញទៅមក ស្តីពីស្ថានការណ៍សន្តិសុខអឺរ៉ុបបច្ចុប្បន្ន»។ មេបញ្ជាការយោធាអាមេរិក និងបេឡារុស ក៏បានសន្យារក្សាអត្ថន័យនៃកិច្ចសន្យានេះ ទុកជាលក្ខណៈឯកជនផងដែរ។

គួរបញ្ជាក់ថា កងទ័ពរុស្ស៊ី និងបេឡារុស បាននិងកំពុងធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំរួមគ្នា នៅក្នុងទឹកដីរបស់បេឡារុសតែម្តង ដែលទង្វើបែបនេះត្រូវបានគេមើលឃើញថា ជាសារព្រមានចំៗចំពោះក្រុមសម្ព័ន្ធមិត្តអង្គការ NATO ពាក់ព័ន្ធនឹងភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន៕