(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៧៩,២៣៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៤៦៥នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៩,០៥២,៦៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៣៩,៤២៧នាក់ និងជាសះស្បើយឡើងសរុបជាង ៤៩.៤៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីចុងសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសជាផ្លូវការ អំពីតួលេខមនុស្សស្លាប់ដោយសារជំងឺ COVID-19 លោតចូលដល់ខ្ទង់ ៩សែននាក់។ អត្រាមនុស្សស្លាប់ប្រចាំ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាមេរិក រងការវាយប្រហារយ៉ាងដំណំ ពីមេរោគបំប្លែងថ្មី Omicron។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤៤លានដូស ក្នុងនោះប្រជាជន ២៥១.៤៦លាននាក់ (៧៦.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១២.៤៥លាននាក់ (៦៤.៥៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩០.៣៩លាននាក់ (២៧.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕