(ព្រុចសែល)៖ មន្ត្រីអឺរ៉ុបម្នាក់ បាននិយាយថាសហភាពអឺរ៉ុបមានបំណងបង្កើតសន្ធិសញ្ញាសកលមួយ ដែលមានគោលដៅទប់ស្កាត់កុំឱ្យជំងឺឆ្លងរាតត្បាតថ្មី ណាមួយ កើតឡើងនៅពេលអនាគត ព្រមទាំងហាមឃាត់ផ្សារលក់សត្វព្រៃ និងផ្ដល់រង្វាន់លើកទឹកចិត្តដល់បណ្ដាប្រទេសទាំងឡាយដែលរាយការណ៍ ឬកំណត់អត្តសញ្ញាណមេរោគបំប្លែងថ្មីមុនគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីអឺរ៉ុបដដែលបានបញ្ជាក់ទៀតថា ក្រុមអ្នកចរចាអន្តរជាតិនឹងជួបប្រជុំគ្នា ជាលើកដំបូង នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីការបង្កើតសន្ធិសញ្ញាសកលខាងលើ។ ចំណែកឯ គោលដៅចម្បង គឺធ្វើយ៉ាងណាអាចសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបឋមមួយ នៅមុនខែសីហាខាងមុខ។

គួរបញ្ជាក់ថា គំនិតចង់បង្កើតសន្ធិសញ្ញាសកលទប់ស្កាត់ជំងឺឆ្លងរាតត្បាត ត្រូវបានលើកឡើងដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក សាល មីសែល
(Charles Michel) កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ ដើម្បីអាចសម្រេចគោលដៅនេះបាន សហភាពអឺរ៉ុបត្រូវប្រមូលការគាំទ្រពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសធំៗដទៃទៀតជាមុនសិន ដែលក្នុងនោះមានប្រទេសខ្លះចង់ឱ្យសន្ធិសញ្ញានេះមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាមនោះទេ៕