(សេអ៊ូល)៖ នៅថ្ងៃពុធនេះ សភានៃប្រទេសកូរ៉េខាងត្បូង បាននិងកំពុងរិះរកមធ្យោបាយ ដើម្បីអនុញ្ញាតឱ្យប្រជាជន ដែលឆ្លងជំងឺ COVID-19 អាចចូលរួមបោះឆ្នោតបាន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខ ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃ បានលោតដល់ជិត ៥០,០០០នាក់ជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំឡើងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក មូន ចេអ៉ីន នៅថ្ងៃទី០៩ ខែមីនា ប៉ុន្តែការកើនឡើងយ៉ាងខ្លាំងក្លា នៃករណីឆ្លង COVID-19 កំពុងបង្កជាក្តីព្រួយបារម្ភ។ សភាកូរ៉េខាងត្បូងកំពុងពិចារណាលើ ការកែសម្រួលច្បាប់បោះឆ្នោត ដែលនឹងអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 អាចទៅបោះឆ្នោតដោយផ្ទាល់បាន នៅក្រោយម៉ោង៦ម៉ោងយប់។

ជាមួយគ្នានេះ ខាងគណបក្សកាន់អំណាច ក៏បានអំពាវនាវឱ្យមានរៀបចំ ការបោះឆ្នោតតាមប្រៃសណីយ៍ សម្រាប់អ្នកជំងឺទាំងនោះផងដែរ ស្របពេលដែលខាងគណបក្សប្រឆាំង បានឱ្យយោបល់រៀបចំជា មណ្ឌលបោះឆ្នោតពិសេសសម្រាប់ពួកគេ។

គួរបញ្ជាក់ថា ករណីឆ្លង COVID-19 ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង បានកើនដល់៤៩,៥៦៧នាក់ កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាកំណត់ត្រាថ្មី ហើយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ KDCA បានព្យាករថា វាអាចនឹងបន្តលោត១៧០,០០០នាក់ ក្នុងខែកុម្ភៈនេះ។ ជាមួយប្រជាជនសរុប ប្រហែល៥២លាននាក់ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងសរុបទាំងអស់ចំនួន ១.១៣លាននាក់ និងស្លាប់ជិត៧,០០០នាក់ ហើយ៩៦ភាគរយ នៃប្រជាជនពេញវ័យ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ខណៈ៦៤ភាគរយបានចាក់ដូសជំរុញ៕