(ប៉េកាំង)៖ យុវជនចិនពីររូបដែលអាយុមិនដល់ ២០ឆ្នាំផង ទទួលបានជ័យលាភីដ៏អស្ចារ្យបំផុត ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង! យុវជន Su Yiming អាយុ ១៧ឆ្នាំ និងយុវតី Gu Ailing បានបង្ហាញនូវរូបភាពជាយុវជនវ័យក្មេងរបស់ប្រទេសចិន ដែលរាក់ទាក់កក់ក្តៅ ទៅកាន់ពិភពលោក ប្រកបដោយភាពបរិយាប័ន្ន និងភាពសកម្មតាមរយៈការប្រកួតដ៏ក្លាហាន និងឥរិយាបថបើកទូលាយ។

ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៃវិញ្ញាសារឧបសគ្គជំរាលនៃការជិះក្តារស្គី Su Yiming បានចូលប្រកួតចុងក្រោយ។ ខណៈពេលដែលអ្នកជម្រើសកាណាដា ទទួលបានពិន្ទុខ្ពស់ ៩០,៩៦ គាត់បានអត់ទ្រាំនឹងសម្ពាធ បញ្ចប់នូវចលនាទីមួយ ១,៨០០ដឺក្រេ ក្នុងការប្រកួតទាំងមូល ឈ្នះមេដាយប្រាក់ដ៏មានតម្លៃមួយគ្រឿង។ ចំណែកនាង Gu Ailing ខណៈពេលដែលចាញ់ពន្ទុអ្នកជម្រើសបារាំង ៥,២៥ ក្នុងការប្រកួតពីរវគ្គមុន នាងបានលោតចលនាដែលពិបាកខ្លាំង ហើយពុំធ្លាប់សាកល្បងក្នុងការប្រកួតមុនៗ គឺ លោតកម្រិត ១,៦២០ដឺក្រេ នៅទីបំផុតក៏ដណ្ដើមបានមេដាយមាស។

* កូនគោទើបកើតមិនខ្លាចសត្វខ្លា ហ៊ានចេញច្បាំង និងជំនះលើខ្លួនឯង នេះគឺជាយុវជនចិន!

នាង Gu Ailing ក្រោយឈ្នះមេដាយមាសកីឡាអូឡាំពិកគ្រឿងទីមួយរបស់ខ្លួន មិនបានសាទរហួសជ្រុលទេ ហើយទៅលួងលោមអ្នកជម្រើសបារាំង ដែលមិនបានទទួលមេដាយមាសយ៉ាងសោកស្តាយ ជាមួយនឹងអ្នកជម្រើស ដែលទទួលបានមេដាយសំរឹទ្ធ។ Su Yiming ជាអ្នកជម្រើសតែមួយគាត់ ដែលបញ្ចប់នូវចលនាកម្រិត ១,៨០០ ដឺក្រេ ក្នុងការប្រកួតទាំងមូល ប៉ុន្តែលោកមិនបានឈ្នះជើងឯក ធ្វើឱ្យអ្នកលេងបណ្តាញអ៊ីនធើណេតបរទេសមិនតិចទេ សម្ដែងការមិនពេញចិត្តចំពោះ ការផ្តល់ពិន្ទុរបស់អាជ្ញាកណ្តាល។ ប៉ុន្តែ គាត់មិនខ្វល់ទេ នៅលើវេទិកាផ្តល់រង្វាន់ គាត់បានឱបជាមួយដៃគូប្រកួតយ៉ាងសប្បាយចិត្ត។

* គោរពច្បាប់កំណត់ គោរពដៃគូប្រកួត គោរពមិត្តភាព នេះគឺជាយុវជនចិន!

នៅលើសង្វៀនប្រកួត ស្នាដៃរបស់នាង Gu Ailing និង Su Yiming ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដំណើរធំលូតលាស់ដ៏សម្បូរបែបរបស់ពួកគេ ក៏ធ្វើឱ្យអ្នកផងកោតសរសើរផងដែរ។ Su Yiming ក្រៅពីជាអ្នកជម្រើសជិះក្តារស្គីដ៏ឆ្នើមម្នាក់ គាត់ក៏ជាតារាសម្តែងក្មេងល្បីឈ្មោះដែរ។ គាត់ធ្លាប់និយាយត្រង់ៗថា មិនចង់ធ្វើជាកីឡាករជិះក្តារស្គីអាជីពទេ ប៉ុន្តែពេលក្រុងប៉េកាំងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ គាត់បានសម្រេចធ្វើជាអ្នកជិះក្តារស្គីអាជីព ដើម្បីតំណាងប្រទេសចិន ចូលរួមការប្រកួតកីឡាអូឡាំពិក។

នាង Gu Ailing ជាកូនកាត់ចិន-អាមេរិក ធំដឹងក្ដីនៅអាមេរិក ចេះនិយាយភាសាចិនយ៉ាងស្ទាត់ជំនាញ។ នាងជាក្មេងស្រីដែលមានទេពកោសល្យផ្នែកជិះក្តារស្គី ជាសិស្សពូកែនៅសាកលវិទ្យាល័យ Stanford ហើយក៏ជាម៉ូដេលផងដែរ។ នាងរំពឹងថា បទពិសោធន៍របស់ខ្លួនអាចលើកទឹកចិត្តដល់ប្រជាជនចិន កាន់តែច្រើនឱ្យចូលរួមលេងកីឡាព្រិលទឹកកក។

ក្នុងបរិបទវប្បធម៌ចម្រុះ ដំណើរលូតលាស់ខុសៗគ្នា ទស្សនៈរួមដែលកាន់តែរហ័ស កាន់តែខ្ពស់ កាន់តែខ្លាំង កាន់តែសាមគ្គី នេះគឺជាយុវជនចិន ស៊ីសង្វាក់គ្នាជាមួយយុគសម័យ រួមចំណែកដល់ការកសាងប្រទេសជាតិ យុវជនចិនដែលមាននាង Gu Ailing និង Su Yiming ជាតំណាងបានផ្សារភ្ជាប់ការតស៊ូរបស់ខ្លួន ជាមួយការអភិវឌ្ឍរបស់មាតុប្រទេស។ ដើរទាន់យុគសម័យ មិនខ្ជះខ្ជាយពេលវេលាជាយុវវ័យ នេះគឺជាយុវជចិន!៕