(ប៉េកាំង)៖ នៅថៃ្ងទី ៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោកស្រី María de Lourdes Alcívar ភរិយារបស់ប្រធានាធិបតីអេក្វាឌ័រនៅក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះលោកស្រី María de Lourdes Alcívar ដែលអមដំណើរលោកប្រធានាធិបតី Guillermo Lasso ដើម្បីអញ្ជើញមកប្រទេសចិនចូលរួម ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសចិន។ ជាការឆ្លើយតប លោកស្រី María de Lourdes Alcívar បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ លោកប្រធានរដ្ឋចិន Xi Jinping និងការរៀបចំចាត់ចែងយ៉ាងផ្ចត់ផ្ចង់របស់ប្រទេសចិន ដោយបានកោតសរសើរចំពោះក្រុងប៉េកាំង ដែលបានពុះពារផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាចថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់ជំនួយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដល់ប្រទេសអេក្វាឌ័រក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺឆ្លង ហើយសូមជូនពរឱ្យអត្តពលិករបស់ប្រទេសអេក្វាឌ័រ និងប្រទេសចិនទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ។

ដោយសារបានដឹងថា លោកស្រី María de Lourdes Alcívar ចាប់អារម្មណ៍ខ្លាំងចំពោះវប្បធម៌ប្រពៃណីចិន លោកស្រី Peng Liyuan បានរៀបចំជាពិសេសនូវការសម្តែងល្ខោនប៉េកាំង ហើយបានជម្រាបជូនអំពីប្រវត្តិដ៏យូរលង់ និងលក្ខណៈពិសេសនៃសិល្បៈល្ខោនប៉េកាំងជូនលោកស្រី María de Lourdes Alcívar។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងអេក្វាឌ័រ សុទ្ធតែមានខ្លឹមសារវប្បធម៌យ៉ាងជ្រាលជ្រៅ ភាគីទាំងពីរអាចធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិ ឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាបង្កើនការស្វែងយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យចំណងមេត្រីភាពរវាងចិន និងអេក្វាឌ័រ កាន់តែដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជន៕