(មែលប៊ឺន)៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីហើយ នៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំពហុភាគី ក្វាដ (Quad) ជាមួយសមភាគីអូស្ត្រាលី ឥណ្ឌា និងជប៉ុន ខណៈភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី ក៏ស្ថិតក្នុងប្រធានបទ ដែលនឹងត្រូវលើកយកទៅពិភាក្សាគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Blinken នឹងចំណាយពេល ២ថ្ងៃ សម្រាប់ចូលរួមកិច្ចប្រជុំនៃក្រុមប្រទេស Quad ដែលត្រូវបានគេមើលឃើញថា មានគោលដៅរាំងខ្ទប់អំណាចយោធា និងសេដ្ឋកិច្ចចិន ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ យ៉ាងណាក៏ដោយ លោក Blinken បានអះអាងថា ការវាយប្រហារដែលអាចកើតមានឡើង ដោយរុស្ស៊ីលើអ៊ុយក្រែន គឺជាបញ្ហាស្នូលនៅពេលនេះ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងកិច្ចប្រជុំ Quad នៅអូស្ត្រាលីផងដែរ។

លោក Blinken បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា កំលុងការជិះយន្តហោះ ទៅកាន់ប្រទេសអូស្ត្រាលីនៅថ្ងៃពុធនេះថា «ពិភពលោក គឺជាទីកន្លែងដ៏ធំធេងមួយ។ យើងតែងផ្តោតចំណាប់អារម្មណ៍ ទៅលើពិភពលោកទាំងមូល ហើយអ្នករាល់គ្នាពិតជាដឹងច្បាស់លាស់ហើយថា ការផ្តោតចំណាប់់អារម្មណ៍ខ្ពស់បំផុត របស់យើងនោះ គឺទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិក។ យើងបានផ្តោតការយកចិត្តទុកដាក់ជានិច្ចនិរន្តលើតំបន់នេះ, ដោយហេតុនេះហើយ ទើបយើងកំពុងធ្វើដំណើរទៅអូស្ត្រាលី»។

គួរបញ្ជាក់តាមរដ្ឋមន្ត្រីការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែរក្សាមុខព្រួញរបស់ខ្លួន ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកដែល ដើម្បីឆ្លើយតបនឹងការកើនឡើងនៃឥទ្ធិពលចិន បើទោះបីជាបច្ចុប្បន្ននេះ ស្ថានការណ៍ក្តៅគគុកផ្សេងៗទៀត បាននិងកំពុងកើតឡើងនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើតក៏ដោយ៕