(វ៉ាស៉ីនតោន)៖ របាយការណ៍ចុងក្រោយបំផុតរបស់ សមាគមក្រុមគ្រូពេទ្យកុមារ AAP និងសមាគមមន្ទីរពេទ្យកុមារ នៅសហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា មានកុមារសរុបជាង១២លាននាក់ហើយនៅអាមេរិក ដែលបានឆ្លងជំងឺ COVID-19 គិតចាប់តាំងពីវាបានផ្ទុះរាលដាល ដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមរបាយការណ៍ខាងលើ ដែលចេញផ្សាយក្នុងសប្តាហ៍នេះ ករណីឆ្លង COVID-19 ដែលជាកុមារសរុប ១២,០៤២,៨៧០ករណី ត្រូវបានកត់ត្រានៅទូទាំងសហរដ្ឋអាមេរិក គិតមកទល់ត្រឹមថ្ងៃទី០២ ខែកុម្ភៈ ហើយតួលេខនេះ ស្មើនឹង១៨.៩ភាគរយ នៃចំនួនករណីឆ្លង ទាំងអស់របស់អាមេរិក។

ករណីឆ្លងក្នុងចំណោមកុមារ ត្រូវគេសង្កេតឃើញថា បានកើនឡើងយ៉ាងគំហុកនៅទូទាំងសហរដ្ឋអាមេរិក កំលុងការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ គិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២២ ករណីឆ្លងនៃកុមារសរុបចំនួនជិត៤.២លានករណី ត្រូវបានរាយការណ៍ ក្នុងនោះជាង១.៤លានករណី ត្រូវបានកត់ត្រាតែក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ៕