(ប៉េកាំង)៖ អ្នកនាំពាក្យម្នាក់របស់យោធាចិន នៅថ្ងៃពុធនេះ បានចេញមុខអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យលុបចោលវិញជាបន្ទាន់ នូវគម្រោងលក់សព្វាវុធសរុបជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ឱ្យទៅកោះតៃវ៉ាន់ និងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយដែនកោះនេះ ហើយឈប់បញ្ជូនសញ្ញាយល់ច្រឡំតទៅទៀត ដល់ក្រុមចង់បានឯករាជ្យនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វូ ឈាន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា «ទង្វើរបស់សហរដ្ឋអាមេរិក រំលោភលើគោលការណ៍ចិនតែមួយ ព្រមទាំងលក្ខខណ្ឌដែលមានចែង នៅក្នុងសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិននិងសហរដ្ឋអាមេរិក។ ភាគីចិនសូមបង្ហាញការមិនពេញចិត្តជាខ្លាំង រួមជាមួយការជំទាស់ដាច់ខាតចំពោះរឿងនេះ»។ មិនតែប៉ុណ្ណោះ លោក វូ បានបន្ថែមថា វាប្រៀបបានទៅនឹងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ចិន ដែលអាចបំផ្លាញដល់ទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរ ក៏ដូចជាសុខសន្តិភាពនិងស្ថិរភាព នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ការចេញមុខប្រតិបត្តិពីសំណាក់ទីក្រុងប៉េកាំងនេះ កើតមានបន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានប្រកាសពីការអនុម័តចំពោះ ការលក់គ្រឿងបរិក្ខាមីស៉ីលនិងកញ្ចប់សេវា ដែលមានតម្លៃជាទឹកប្រាក់សរុប ១០០លានដុល្លារអាមេរិក ដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះ អាចធ្វើទំនើបកម្មនិងគ្រប់គ្រងដោយប្រសិទ្ធភាព នូវប្រព័ន្ធការពារមីស៉ីល ប៉ាទ្រីយ៉ូត (Patriot) ចំពោះមុខភាពតានតឹង ជាមួយមហាយក្សចិន ដែលចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន៕