(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូហ៉ីយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) ដែលបច្ចុប្បន្នជា ប្រធានក្រុមប្រឹក្សាជាតិដោះស្រាយវិបត្តិ COVID-19 ហៅកាត់ NRC ទើបតែបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានប្រកាសពីដំណឹងខាងលើ តាមរយៈបណ្តាញសង្គម Facebook ហើយលោកបានបន្ថែមថា ការឆ្លង COVID-19 នេះ ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញ ក្រោយការធ្វើតេស្ត PCR។ បើតាមការឱ្យដឹង គឺរោគសញ្ញារបស់លោក Yassin មានស្ថានភាពស្រាល ហើយលោកកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។

គួរបញ្ជាក់ថា ដំណឹងនៃការឆ្លងជំងឺ COVID-19 របស់លោក Yassin បានកើតមានឡើង បន្ទាប់ពីលោក ទើបតែបានបើកកិច្ចប្រជុំទល់មុខផ្ទាល់ របស់ក្រុមប្រឹក្សា NRC ជាមួយនិងគណៈរដ្ឋមន្រ្តីក៏ដូចជា មន្រ្តីរដ្ឋាភិបាលម៉ាឡេស៉ីដទៃទៀត ដោយក្នុងចំណោមនោះ រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៉ីក៏បានចូលរួមផងដែរ។ កំលុងកិច្ចប្រជុំ លោក Yassin បានប្រកាសថា ក្រុមប្រឹក្សា NRC ឯកភាពឱ្យបើកព្រំដែនអន្តរជាតិរបស់ម៉ាឡេស៉ីទាំងស្រុងឡើងវិញ នៅខែមីនាខាងមុខ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចជាតិ៕