(រ៉ូម)៖ សភាជាតិនៃប្រទេសអ៉ីតាលី នៅថ្ងៃអង្គារសប្ដាហ៍នេះបានអនុម័តច្បាប់ថ្មីមួយ ដែលបញ្ចូល «កិច្ចការពារបរិស្ថាន» ជាផ្នែកមួយនៃរដ្ឋធម្មនុញ្ញ ខណៈអ្នកនយោបាយ និងក្រុមសកម្មភាពការពារបរិស្ថានជាច្រើន បានបង្ហាញការសាទរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

ច្បាប់ថ្មីខាងលើបានចែងថា រដ្ឋមានកាតព្វកិច្ចថែរក្សាការពារបរិស្ថាន, ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ ហើយក្រុមហ៊ុនឯកជននានា ក៏មិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលបំផ្លាញសុខភាព និងបរិស្ថាននោះដែរ។

គួរបញ្ជាក់ថា ក្រុមអ្នកនយោបាយ និងក្រុមសកម្មជនការពារបរិស្ថានជាច្រើន នៅក្នុងប្រទេសអ៉ីតាលី បានបង្ហាញការគាំទ្រដល់ការអនុម័តច្បាប់ថ្មីខាងលើ ដោយពួកគេចាត់ទុកថា វាពិតជាមានសារៈសំខាន់សម្រាប់អនាគតប្រទេសជាតិ និងជាការបោះជំហានមួយដ៏សំខាន់ ខណៈអ៉ីតាលីកំពុងបង្កើនការវិនិយោគ លើសេដ្ឋកិច្ចបៃតង៕