(ម៉ូស្គូ)៖ នាវាចម្បាំងរុស្ស៊ីចំនួន ៦គ្រឿង បាននិងកំពុងចល័តពីសមុទ្រមេឌីទែរ៉ាណេ ទៅកាន់សមុទ្រខ្មៅ (Black Sea) ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ខណៈស្ថានការណ៍ក្នុងតំបន់ កំពុងតែបន្តស្ថិតក្នុងភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ការបញ្ជូនក្បួននាវាចម្បាំងខាងលើនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការចាប់ផ្តើមចល័តកម្លាំងយោធា។ កាលពីខែមករាកន្លងទៅថ្មីៗនេះ រុស្ស៊ីធ្លាប់បានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹក នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក គិតចាប់ពីខែមករា ដល់ខែកុម្ភៈនេះ។

ប្រភពពីប្រទេសតួកគីបានឲ្យដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ គេបានឃើញនាវាចម្បាំងរុស្ស៊ី ៣គ្រឿង ក្នុងចំណោម ៦គ្រឿង ចល័តឆ្លងកាត់ច្រកសមុទ្រតួកគី និងសំដៅទៅកាន់ដែនសមុទ្រខ្មៅ។ នាវាចម្បាំងទាំង ៣គ្រឿងនោះមានឈ្មោះថា កូរ៉ូឡេវ (Korolev), មីងក៍ (Minsk) និង កាលីនីងហ្គ្រេដ (Kaliningrad)។

សម្រាប់នាវាចម្បាំង ៣គ្រឿងទៀតឈ្មោះ ប៉ាយ៉ូត ម័រហ្គាណូវ (Pyotr Morgunov), ហ្សកហ្ស៊ី ប៉ូបេដូណូសេតស៍ (Georgy Pobedonosets) និង អូឡេណេហ្គ័រស្គី ហ្គ័រនីយ៉េក (Olenegorsky Gornyak) ត្រូវបានគេដឹងថា នឹងចល័តឆ្លងកាត់ច្រកសមុទ្រតួកគី ទៅកាន់ដែនសមុទ្រខ្មៅ នៅក្នុងថ្ងៃពុធនេះ។ ក្រុមអ្នកវិភាគក្នុងតំបន់បានអះអាងថា តួកគីដែលជាសមាជិក មួយដែរនៃអង្គការ NATO អាចបិទច្រកសមុទ្រខាងលើនេះ មិនឲ្យរុស្ស៊ីឆ្លងកាត់បាន ប្រសិនបើរុស្ស៊ីបើកវាយប្រហារលើអ៊ុយក្រែន ដូចការព្រមានមែននោះ។

គួរបញ្ជាក់់ថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានអះអាងពីការដាក់ពង្រាយ កងទ័ពរុស្ស៊ីប្រមាណ ១០០,០០០នាក់ ដែលស្មើនឹង ៧០% នៃចំនួនកងទ័ពប្រយុទ្ធ ដែលរុស្ស៊ីមាន នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ សហរដ្ឋអាមេរិកនៅតែបន្តព្រមាន អំពីការវាយប្រហារពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូ និងបណ្តាប្រទេសអឺរ៉ុប កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង ដោយការអង្គុយចុះជជែកគ្នា ព្រមទាំងបានចោទសហរដ្ឋអាមេរិកថា កំពុងធ្វើការព្រមាន ឬបញ្ចេញប្រតិកម្មជ្រុលផងដែរ៕