(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយអួតថា ខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលមាន អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ព្រមទាំងជាប្រទេសតែមួយគត់ដែលហ៊ានប្រឆាំងជាមួយសហរដ្ឋអាមេរិក ដោយអង្រួនពិភពលោកតាមរយៈការធ្វើតេស្ដ មីស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាងចាប់ផ្ដើមបាញ់សាកល្បងមីស៊ីលឡើងវិញជាបន្តបន្ទាប់ ក្នុងនោះរួមមានទំាងមីស៊ីល បាលិស្ទីគដែលស្ថិតនៅក្រោមការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីខែមករាកន្លងទៅ របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដមីស៊ីលដល់ទៅ ៧លើក ដោយមានទាំងមីស៊ីលល្បឿនលឿងជាងសំឡេង និងមីស៊ីល Hwasong-12 ជាប្រភេទមីស៊ីលមានសមត្ថភាពបាញ់ដល់ មូលដ្ឋានទ័ព ឬដែនដីរបស់សហរដ្ឋអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក។

សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃចូលឆ្នាំសកលមក បានបង្ហាញកាន់តែច្បាស់់ពីការរីកចម្រើននៃសមត្ថភាពយោធាកូរ៉េខាងជើង ហើយក៏បានលើកឡើងផងដែរពីមីស៊ីលអន្តរទ្វីប ICBM Hwasong-15 ដែលគេជឿជាក់ថាអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់សហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ បណ្ដាប្រទេសជាច្រើនកំពុងខ្ជះខ្ជាយពេលវេលាដោះស្រាយជាមួយសហរដ្ឋអាមេរិក ដោយការចុះញ៉ម និងស្ដាប់បង្គាប់ទាំងងងឹតងងុល។ នៅលើពិភពលោក មានតែប្រទេសរបស់ពួកយើងតែមួយគត់ដែលអាចអង្រួនពិភពលោកតាមរយៈការធ្វើតេស្ដមីស៊ីលដែលអាចបាញ់ដល់គ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។ នៅលើពិភពលោកមានជិត២០០ប្រទេស ប៉ុន្តែមានប្រទេសតិចតួចប៉ុណ្ណោះ ដែលមានគ្រាប់បែកអ៉ីដ្រូសែន, មីស៊ីលបាលិស្ទីគអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង»

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក កូរ៉េខាងជើង មិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នោះទេ ប៉ុន្តែការធ្វើតេស្ដមីស៊ីល កន្លងមកនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធទាំងនេះឡើងវិញក្នុងពេលអនាគតដ៏ខ្លី៕