(ឈីកាហ្គូ)៖ ការសិក្សាមួយលើសត្វស្វាជាច្រើនក្បាល នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថាវ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញធម្មតា និងដូសជំរុញជាពិសេស

ប្រឆាំងមេរោគបំប្លែងថ្មីអូមីក្រុងរបស់ក្រុមហ៊ុន Moderna មិនមានភាពខុសប្លែកគ្នានោះទេ ក្នុងការបង្ការការពារ ដែលនេះមានន័យថាវ៉ាក់សាំងដូសជំរុញជាពិសេស ប្រឆាំងអូមីក្រុង ប្រហែលជាមិនចាំបាច់ទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការសិក្សាខាងលើធ្វើឡើងដោយក្រុមអ្នកសា្រវជ្រាវមកពីរដ្ឋាភិបាលអាមេរិក ត្រូវបានធ្វើឡើងលើសត្វសា្វជាច្រើនក្បាលដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna ចំនួន២ដូស។ ៩ខែក្រោយមក សត្វស្វាទាំងនេះមានខ្លះត្រូវបានគេចាក់វ៉ាក់សាំងបង្ការដូសជំរុញធម្មតា និងខ្លះទៀតចាក់វ៉ាក់សាំងដូស ជំរុញជាពិសេសប្រឆាំងអូមីក្រុង។ ប៉ុន្តែ វ៉ាក់សាំងដូសជំរុញទាំង២ប្រភេទនេះមិនមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់នោះទេ ក្នុងការបង្ការប្រឆាំងនឹងមេរោគ បំប្លែងថ្មី ក្នុងនោះរួមមានទាំងអូមីក្រុង។

គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន Moderna និងក្រុមហ៊ុន BioNTech-Pfizer ក៏បានចាប់ផ្ដើមការធ្វើតេស្ដលើវ៉ាក់សាំងដូសជំរុញជាពិសេសប្រឆាំងនឹងអូមីក្រុង លើមនុស្សផងដែរ តែពួកគេសុទ្ធតែកំពុងរង់ចាំលទ្ធផល៕