(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សា រួមទាំងវិធានការដាក់ប្រទេសក្នុង ភាពអាសន្នរបស់យោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រឡប់មករកតុចរចាដើម្បីដោះស្រាយបញ្ហា ស្របទៅតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយដែលព្រមព្រៀងឡើងដោយឯកច្ឆន្ទ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) ដើម្បីរំលឹកខួបមួយឆ្នាំនៃការធ្វើ រដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សមាជិក UNSC ទាំង១៥ប្រទេសបានអំពាវនាវសាជាថ្មីឱ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនដោយ អយុត្តិធម៌ ក្នុងនោះរួមមានលោកស្រី អោង សាន ស៊ូជី និងប្រធានាធិបតី លោក វីន មីយ៉ីង (Win Myint)។ បន្ថែមពីលើនេះ UNSC ក៏បានអំពាវនាវឱ្យបញ្ចប់ អំពើហិង្សាផងដែរ ហើយស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នាដោយសន្តិវិធី ក្នុងការដោះស្រាយបញ្ហា និងផ្សះផ្សាជាតិ ស្របទៅតាមឆន្ទៈ និងផលប្រយោជន៍ របស់ប្រជាជនមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមតួលេខរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពើហិង្សាដែលកើតឡើងនៅក្រោយព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលអន្តរជាតិចាត់ទុកថាជាការធ្វើរដ្ឋប្រហារយោធា បានបណ្ដាលឱ្យមនុស្សច្រើនជាង ១,៥០០នាក់ហើយបានស្លាប់ រីឯ ១១,៨០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕