(ឌូបៃ)៖ ប្រទេសអេមីរ៉ាតអារ៉់ាប់រួម បានស្ទាក់ចាប់ និងបំផ្លាញយន្ដហោះដ្រូនចំនួន៣គ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន នៅឯតំបន់មួយ ដែលមិនមានប្រជាជនរស់នៅ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ, អេមីរ៉ាតអារ៉ាប់រួមបានរងការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ នៅក្នុងសារមួយបង្ហោះនៅលើ Twitter ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់ថា ខ្លួនត្រៀមជាស្រេចដើម្បីឆ្លើយតបទៅ នឹងរាល់ការគំរាមកំហែងទាំងឡាយ ហើយនឹងចាត់វិធានការចាំបាច់នានាក្នុងការការពាររដ្ឋ និងទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿងឱ្យទៅជួយអេមីរ៉ាតអារ៉ាប់រួម នៅក្រោយរងការ វាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូធី។ តែព្រមពេលជាមួយគ្នា ក្រសួងការបរទេសអាមេរិក ក៏បានណែនាំឱ្យពលរដ្ឋអាមេរិកទាំងអស់ត្រូវប្រុងប្រយ័ត្ន និងពិចារណាឡើងវិញពីគម្រោងធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួមផងដែរ៕