(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់ពាក្យស្នើសុំ ទៅកាន់អាជ្ញាធរសហរដ្ឋអាមេរិកហើយ ដើម្បីអនុម័តឲ្យប្រើនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់ក្មេងៗអាយុក្រោម ៥ឆ្នាំ បើទោះបីជាការពិសោធន៍កន្លងមកនេះបានបង្ហាញថា វាបានជំរុញប្រព័ន្ធភាពសុំា តិចជាងការរំពឹងទុក សម្រាប់ក្មេងអាយុចាប់ពី ២ឆ្នាំ ដល់ ៤ឆ្នាំក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក សហការជាមួយអាល្លឺម៉ង់ខាងលើនេះ ការដាក់ពាក្យស្នើសុំត្រូវបានធ្វើឡើង ស្របទៅតាមដំបូន្មានរបស់ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ដែលចង់ឲ្យមានការដោះស្រាយជាបន្ទាន់ នូវតម្រូវការវ៉ាក់សាំង សម្រាប់មនុស្សស្ថិតក្នុងក្រុមអាយុក្រោម ៥ឆ្នាំនោះ។

ជុំវិញការស្នើខាងលើនេះ ក្រុមទីប្រឹក្សាក្រៅប្រព័ន្ធរបស់ FDA នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ដើម្បីជជែកពិភាក្សាគ្នា។ យ៉ាងណាក៏ដោយ លោកស្រី ចេណេត វូដខក់ (Janet Woodcock) ប្រធានស្តីទីនៃ FDA បានថ្លែងថា «ការមានវ៉ាក់សាំងដែលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់កុមារស្ថិតក្នុងក្រុមអាយុ (ក្រោម ៥ឆ្នាំ) នេះ គឺជាអាទិភាពជួរមុខ»

លោកស្រី Janet បានជំរុញឲ្យមានការដាក់ពាក្យស្នើសុំ ពីសំណាក់ក្រុមហ៊ុន Pfizer-BioNTech ឲ្យបានលឿន ព្រោះតែករណីឆ្លងវីរុស Omicron នៅតែកំពុងគំរាមកំហែងខ្លាំង ចំពោះសហរដ្ឋអាមេរិកទាំងមូល៕