(រ៉ង់ហ្គូន)៖ ហេតុការណ៍បំផ្ទុះគ្រាប់បែក ទៅលើក្រុមអ្នកគាំទ្ររបបយោធា ដែលបានជួបជុំគ្នានៅតំបន់មួយ ស្ថិតភាគខាងកើតប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ៣៨នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះទង្វើខាងលើនេះឡើយ ប៉ុន្តែវាបានកើតមានឡើង ចំពេលខួបមួយឆ្នាំគត់ នៃការធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច។ ក្រុមប្រឆាំងរបបយោធា ក៏បានប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ និងតវ៉ាប្រឆាំងដោយការទះដៃព្រមៗគ្នា កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញនេះ បើទោះបីជាអាជ្ញាធរនៃរបបយោធា បានហាមឃាត់ជាដាច់ខាត នូវការប្រមូលផ្តុំគ្នាតវ៉ានានានៅថ្ងៃនោះក្តី។

បើតាមសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា មនុស្សសរុប ១០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការតវ៉ាដោយការទះដៃ នៅក្នុងទីក្រុងរ៉ង់ហ្គូន។ ដោយឡែក សារព័ត៌មាន AFP បានចេញផ្សាយថា ករណីបំផ្ទុះគ្រាប់បែកខាងលើនេះ បានកើតមានឡើងទៅលើក្រុមអ្នកគាំទ្ររបបយោធា នៅទីក្រុងតាជីឡេក (Tachileik) ស្ថិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលបានប្រមូលផ្តុំគ្នានៅថ្ងៃ០១ ខែកុម្ភៈ ត្រូវជាខួបមួយឆ្នាំ នៃយោធាឡើងកាន់អំណាចឡើងវិញ៕